(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអភិបាលរងខេត្ត គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងស.ស.យ.ក ខេត្ត បានអញ្ជើញបើកហឹប និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសិរីសោភ័ណ។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងការបើកវិញ្ញាសារប្រឡងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះប្រព្រឹត្តទៅចំនួន២ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ មានសិស្ស ចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ចំនួន ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់។មានចំនួន៨មណ្ឌលនៅ ក្រុងសិរីសោភ័ណ ឬទីប្រជុំជនខេត្ត ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌលគឺ ១.មណ្ឌលវិទ្យាល័យហ៊ុន សែន សូភី ២.មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។
ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ -មណ្ឌលវិទ្យាល័យសម្តេចឪ ។៦.មណ្ឌលសកលវិទ្យាល័យ UME ។៧-មណ្ឌលវិទ្យាល័យអូអំបិល និង៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ បេក្ខជន នារីចំណេះទូទៅរដ្ឋនិងឯកជនត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖សិស្សានុសិស្សដែលមានឈ្មោះប្រឡងបានមកប្រឡងគ្រប់គ្នា បេក្ខជន បេក្ខនារីប្រឡងគោរពម៉ោងបានត្រឹមត្រូវ វិន័យប្រឡងក្នុងនោះសន្តិសុខបានឆែករកព្រីយ៉ុងនិង សំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច យ៉ាងតឹងរឹងបំផុត តាមបទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់។
ក្នុងឱកាសនោះឯកឧត្តម សូមជូនពរកូនក្មួយថ្នាក់ទី១២ទាំងអស់ ប្រឡងឲ្យបានជាប់ទាំងអស់គ្នា ហើយទទួលបាននិទ្ទេសល្អៗថែមទៀតផង!ដើម្បីអនាគត់របស់កូនៗ គ្រួសារកូនៗ ពិសេសសង្គមជាតិរបស់យើង សំបូរទៅដោយធនធានមនុស្សល្អ។កុំភ្លេច,ត្រូវរក្សាសុខភាពឲ្យបានល្អ ហូបអាហារឲ្យបានត្រឹមត្រូវ និងចូលគេង ឲ្យបានគ្រប់គ្រាន់។ជូនពរ ជោគជ័យណាកូនៗបេក្ខជនប្រឡងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី ក៏បានមានប្រសាសន៍ធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូននិងជោគជ័យដូចគ្រោងទុក៕