បន្ទាយមានជ័យ: ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងនគរបាលចំនួន ១៥៣នាក់ សហការជាមួយរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ ចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនបេក្ខជនតាមមណ្ឌលប្រឡងសញ្ញាបត្រ ទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
រយះពេល២ថ្ងៃគិតចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងសញ្ញាបត្រ ទុតិយភូមិនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ប្រកប ដោយភាពរលូន មានសន្តិសុខសុវត្ថិភាពល្អ ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ចំនុចគួកត់ សម្គាល់គឺមានបេក្ខជន ចំនួន១០នាក់ មានបញ្ហាសុខភាព(ត្រូវសង្គ្រោះបឋមប្រឡងបានវិញ ០៩នាក់, បញ្ជូនទៅពេទ្យ០១នាក់គ្រុនឈាម) និង បោះបង់ការប្រឡង ចំនួន ០៦នាក់ ស្រី០៣នាក់ (បញ្ហាសុខភាព០១នាក់ស្រី គ្រុនឈាម)និង បេក្ខអវត្តមានមិនបានចូលរួមប្រឡងមាន៩៩នាក់។
ក្រៅពីការ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមមណ្ឌលផ្ទាល់ កម្លាំងនគរបាលយើងបានត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទនិងចាត់កម្លាំងចុះយាមល្បាតត្រួតពិនិត្យតាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ភោជនីយដ្ឋាន អាហារដ្ឋាន ជាពិសេសកន្លែងផ្ញើម៉ូតូ រថយន្ត នៅតាមណ្ឌលប្រឡងនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុត ធានាសុវត្ថិភាពបានល្អប្រសើរ៕