រាជធានីភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដំណោះស្រាយ នៃបញ្ហាប្រឈមនានា របស់គម្រោង H-EIQP 2 ។កិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យធនាគារពិភព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេសគម្រោង H-EQIP 2 លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល លោកស្រីអគ្គនាយករងនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល និងតំណាងធនាគារពិភព ដឹកនាំដោយ លោកស្រីវេជ្ជ លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល រួមទាំងដៃគូអភិវឌ្ឍន៍៖ GFF, KOICA, KfW, DFAT ផងដែរ។
គោលបំណង នៃកិច្ចប្រជុំ៖
-បង្ហាញពីវឌ្ឍនការងារដែលសម្រេចបាន បន្ទាប់កិច្ចប្រជុំ MTR ដើម្បីជម្រាបជូនដល់ប្រតិភូធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍
-រាយការណ៍វឌ្ឍនភាពការងារ នៃផ្នែកនីមួយៗ ដែលបានអនុវត្តក្នុងគម្រោងដូចជា៖
១) មូលនិធិសមធម៌សុខាភិបាល (HEF)
២) ការពង្រឹងគុណភាព នៃការផ្តល់សេវាសុខាភិបាល
៣) ការពង្រឹង និងតាមដានការងារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន)
៤) ការពង្រឹងសមត្ថភាពលើសមភាពយេនឌ័រ និងបរិយាបន្នសង្គម
៥) ការងារគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP)
-ការកំណត់ជំហានបន្ទាប់ សម្រាប់អនុវត្តបន្ត ក្នុងការឈានរកលទ្ធផលកាន់តែល្អប្រសើរ និងត្រៀមបង្ហាញជូនប្រតិភូនៃក្រុមបេសកកម្មគាំទ្រការអនុវត្តការងារគម្រោង (ISM) ដែលគ្រោងនឹងមកដល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕