រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្របញ្ជាក់ស្នាដៃការងារដល់និវត្តជន នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២១រូប។ពិធីនេះបានធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងផងដែរ។
នាឱកាសនោះឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ថា គោលបំណងនៃជំនួបគឺដើម្បីសម្តែងនូវការកោតសរសើរ និងការដឹងគុណចំពោះនិវត្តជនគ្រប់រូបដែលបានចូលរួមបម្រើ និងអភិវឌ្ឍប្រទេសជាតិលើវិស័យអភិវឌ្ឍន៍ជនបទ ប្រកបដោយជោគជ័យនាពេលកន្លងមក។
ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថាសមិទ្ធផលដែលបង្កើតដោយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ជំនាន់មុននេះគឺទុកជាមូលដ្ឋានគ្រឹះ និងបទពិសោធន៍សម្រាប់មន្ត្រីរាជការបន្តវេនជំនាន់ក្រោយដើម្បីបន្តខិតខំសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់និវត្តជនទាំងអស់ ឱ្យរក្សានូវទំនាក់ទំនង តាមរយៈការចូលរួមជាសមាជិកសមាគមស័ង្គហមិត្តមន្ត្រីអភិវឌ្ឍន៍ជនបទ ដែលជាសមាគមដែលយកចិត្តទុកដាក់មន្ត្រីមានអាជីបអភិវឌ្ឍន៍ជនបទទាំងអស់ ។
ជាមួយគ្នានោះ លោក ចាន់ វុត្ថា តំណាងនិវត្តជន បានមានចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី ព្រមទាំងបានបង្ហាញពីមោទនភាពចំពោះការបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ និងអស់ពីកម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕