បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់ និងពង្រឹងបច្ចេកទេសការងារដល់កម្លាំងនគរបាលការិយាល័យជំនាញ ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ និងការកែសម្រួលវេនប្រចាំការថ្មី បែងចែកការងារ តួនាទី ភារកិច្ច ការទទួលខុសត្រូវ ដល់កម្លាំងនគរបាលការិយាល័យជំនាញនីមួយៗ គ្រប់ផ្នែកពាក់ព័ន្ធដើម្បីឲ្យការចាត់តាំងអនុវត្តមានប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយកាណ៍និងផ្សព្វផ្សាយផែនការចាំបាច់នានា ដល់កម្លាំងនគរបាលក្រោមឱវាទ និងផែនការការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់អំពីតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, បន្តស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, ពង្រឹងគ្រប់គ្រងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខព្រំដែន, ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលនាំឲ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់៕