លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ត្រីមាសទី៣ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ទូទាំងខេត្ត ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ត្រីមាសទី៣ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការសម្រេចបានកន្លងមក និងផ្សព្វផ្សាយផែនការ ការងារចំបាច់ផ្សេងៗ ដល់កងកម្លាំង ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បានចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ ពង្រឹងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តជម្រុញដល់ពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា, ពង្រឹងការស្រាវជ្រាវបង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង, បង្កើនការក្តាប់និងប្រមូលព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់, ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ដែលស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់បណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក , ពង្រឹងការយាមល្បាតវេនប្រចាំការ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ គ្រោះធម្មជាតិនានា និង គ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *