បន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដង្ហែក្បួនកាន់ទុក្ខ និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្រុកភ្នំស្រុក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក លោក ជូ បុត្រ អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីសង្ឃ ព្រះសង្ឃ ប្រជាពលរដ្ឋ ដូនជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៧០០នាក់ ។
ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនវិយោគ ដោយសេចក្តីស្រណោះអាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសពវីរកងទ័ពគ្រប់រូប ដែលបានបាត់បង់នូវសមាជិកគ្រួសារ បាត់បង់នូវយុទ្ធមិត្តរួមអាវុធ ដ៏ឆ្នើម របស់ក្រសួងការពារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុការពារសន្តិសុខ បម្រើជាតិមាតុភូមិ និងប្រជាជន។
យើងទាំងអស់គ្នាសូមឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ជូនដល់វីរកងទ័ពជួរមុខ ដែលបានពលី ជីវិតក្នុងសមរភូមិនាពេលថ្មីៗនេះ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារនៃសពវីរកងទ័ព ទទួលនូវការរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត។
គួរបញ្ជាក់ផងដែរថា ការជម្លោះគ្នារវាងទ័ពសៀមឈ្លានពានមកលើទឹកដីខ្មែរវាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឲ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមត៌កដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសំបែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និងប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងសិស្សសាលាគ្រប់ថ្នាក់នៅជាប់និងសមរភូមិ អាក់ខានពុំបានសិក្សារៀនសូត្រទៀតផង កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់របស់សៀមឈ្លានពាននោះឡើយ។
ជាចុងក្រោយគណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ក៏បានរាប់បាត្រដល់ព្រះសង្ឃ ១១៦អង្គផងដែរ៕