រាជធានីភ្នំពេញ៖ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង សាមញ្ញ លើកទី៣ ឆ្នាំ២០២៦ អាណត្តិទី២ នៅមន្ទីរពេទ្យព្រះអង្គឌួង ។
ប្រជុំនេះ មានរបៀបវារៈដូចជា៖
១-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី២ ឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៦
២-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី២ ឆមាសទី១ និងត្រីមាសទី៣ ឆ្នាំ២០២៦
៣-សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធី ចង្កោមសម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦
៤-ផ្សេងៗ។
លោកជំទាវសាស្ត្រាចារ្យ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ យល់ព្រម និងអនុម័ត។ បន្ទាប់មក លោកជំទាវសាស្ត្រាចារ្យប្រធាន បានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា ដើម្បីយល់ព្រមអនុម័តនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។
ក្នុងឱកានេះ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានរួមចំណែកធ្វើឱ្យមន្ទីរពេទ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖
-បន្តជំរុញការអភិវឌ្ឍមន្ទីរពេទ្យ ដោយរក្សា និងពង្រឹងសមិទ្ធផលដែលសម្រេចបាន ឆ្លើយតបនឹងការកើនឡើង នៃចំនួនអ្នកជំងឺ តាមរយៈការពង្រីកសេវា និងផ្នែកឯកទេស ព្រមទាំងការបំពាក់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមតម្រូវការជាក់ស្តែង។
-លើកកម្ពស់គុណភាពសេវាថែទាំ និងព្យាបាល ដោយផ្តោតលើសុវត្ថិភាពអ្នកជំងឺ ប្រសិទ្ធភាពនៃការព្យាបាល និងការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាចម្បង។
-ពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញឯកទេសបន្ថែម ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តបច្ចេកទេសព្យាបាលទំនើបៗ ដើម្បីបង្កើនសមត្ថភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។
-ពង្រឹងការគ្រប់គ្រង និងអភិបាលកិច្ច ដោយធានាការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។
-ពង្រឹងសាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ព្រមទាំងពង្រឹងកិច្ចសហការជាមួយ ដៃគូពាក់ព័ន្ធ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ដើម្បីគាំទ្រដល់ការអភិវឌ្ឍ។
-ពង្រឹងការតាមដាន វាយតម្លៃ និងយកចិត្តទុកដាក់កែលម្អ ក៏ដូចជាដោះស្រាយមតិយោបល់ សំណូមពររបស់អ្នកជំងឺ ដើម្បីលើកកម្ពស់គុណភាពសេវា និងនិរន្តរភាពនៃការអភិវឌ្ឍមន្ទីរពេទ្យ៕

