បន្ទាយមានជ័យ ៖ដើម្បីជាវិធានការក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីចុះពិនិត្យ វាយតម្លៃពីស្ថានភាពទឹកនៅតាមមូលដ្ឋានក្រុង–ស្រុក ចំនួន៦ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសអាងស្តុកទឹកធំៗដែលមាននៅក្នុងមូលដ្ឋានឃុំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជារដល់មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ដើម្បីបិទទឹកនៅក្នុងអាងនីមួយៗ ដែលមាននៅក្នុងស្រុក និងឃុំ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយសារតែនៅឆ្នាំ២០២៧ខាងនេះ កម្ពុជាទទួលរងឥទ្ធិពលរលកកម្តៅខ្លាំង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានោះឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ខណៈដែលយើងអាចប្រឈមទៅនឹងការខ្វះខាតទឹកនារដូវប្រាំង នាពេលខាងមុខ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានឃុំ ត្រូវសិក្សាអំពីលទ្ធភាពនៃការស្ដារអាង បឹង ឬប្រឡាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាមានទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ។
សូមបញ្ជាក់ថា យោងតាមទិន្ន័យរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រព័ន្ធធារាសាស្រ្តពេញលេញ ដែលមានប្រភពទឹក ប្រឡាយមេប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយដោះទឹក សុរបមានចំនួន៩៣កន្លែង ទូទាំង ៩ក្រុង–ស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕

