ពិធីក្រុងពាលី សូត្រមន្ត និងប្រោសព្រំទីស្នាក់ការថ្មីរបស់លេខាធិការដ្ឋានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ នៅភូមិអូរអំបិល សង្កាត់អូរអំបិល

បន្ទាយមានជ័យ៖ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត និងប្រោសព្រំទីលេខាធិការដ្ឋានថ្មី របស់ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។

នៅក្នុងកិច្ចប្រារព្ធពិធីនេះ បានរំលឹកគុណព្រះរតនត្រ័យ សមាទានសីល និងរៀបចំកិច្ចនមស្ការ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រមន្តប្រោសព្រំទឹកមន្តសិរីសួស្តី ដើម្បីបណ្តេញឧបទ្រពចង្រៃ និងនាំមកនូវសេចក្តីសុខចម្រើន ភាពត្រជាក់ត្រជុំ សិរីសួស្តី ជ័យមង្គល ព្រមទាំងការរីកចម្រើនជានិរន្តរ៍ ដល់ការបំពេញការងាររបស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ។

ពិធីនេះផងដែរក៏មានការអញ្ចើញចូលរួមពីលោក លោកស្រី អនុប្រធានស.ស.យ.ក. ខេត្ត លោក លោកស្រី សមាជិកអចិន្រ្តៃយ៍ លោក លោកស្រី ប្រធាន អនុប្រធានស.ស.យ.ក. មន្ទីរអង្គភាព និងក្រុង/ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ និងលោកអនុប្រធានលេខាធិការដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានផ្នែកទាំង៨ និងសមាជិក សមាជិកាលេខាធិការដ្ឋានស.ស.យ.ក. ខេត្តផងដែរ។

សូមបញ្ជាក់ផងដែរថា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ត្រូវបានផ្លាស់ប្តូរទីតាំងពីទីស្នាក់ការលេខាធិការដ្ឋានបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល មកកាន់ទីស្នាក់ការថ្មី ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *