ខេត្តប៉ៃលិន៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា ពិសេសគណនីហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង រឿងថៃឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិននោះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុង ដោយចាត់ទុកការចោទប្រកាន់នេះមិនមានមូលដ្ឋានច្បាស់លាស់ ជាព័ត៌មានបំភ្លៃខុសពីការពិត ធ្វើឲ្យមហាជនមានកាយល់ច្រឡំ។
រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ដូច្នេះរដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាប ជាព័ត៌មាន៕

