(បន្ទាយមានជ័យ) មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពបន្ទាយមានជ័យ បានរៀបចំការវាយតម្លៃសមត្ថភាព (RPL) ដើម្បីផ្តល់ឱកាសទទួលស្គាល់ជំនាញ និងសមត្ថភាពបងប្អូនដែលជាអតីតពលករក្រៅស្រុក និងក្នុងស្រុកដែលមិនទាន់ទទួលស្គាល់សមត្ថភាពពីមុន ក្នុងវិស័យសំណង់លើមុខជំនាញដូចជា៖១. ការងារកំបោរ ,២. ការងារការ៉ូ ,៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការចុះពិនិត្យនោះក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព (RPL) នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ សម្រាប់បងប្អូនដែលពលករត្រឡប់ពីប្រទេសថៃវិញ មានចំនួន៦៦នាក់ លើ៣មុខជំនាញសម្រាប់ថ្ងៃទី២៤ និងទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះរួមាន៖១,ការងារកំបោ ២,ការងារការ៉ូ ៣,ការតបនីអគ្គិសនីក្នុងអាគារ សម្រាប់ការបណ្ដុះបណ្ដាល បានលើក២ហើយត្រូវតម្រូវឲ្យគ្រប់តាមផែនការចំនួន ៦០០នាក់ ក្នុងខែ៦ខាងមុខនេះ។
លោកស្រី បានបញ្ជាក់ថា៖ សាលាធ្វើជាប្រចាំសប្តាហ៍រហូតដល់ថ្ងៃកំណត់នៃខែបញ្ចប់ក្នុងខែ៦ហើយ និងលើកទិសដៅបន្តនៅឆ្នាំក្រោយ។
ក្នុងឱកាសនោះដែរលោក យឹម សំណាង បានធ្វើការកោតសរសើរដល់លោក លោកស្រី នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយទទួលបានលទ្ធផលល្អគ្រប់សកម្មភាពការងារទាំងអស់ និងបន្តខិតខំកិច្ចការនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានស្តង់ដារ។
លោក អភិបាលរង ខេត្ត បានបញ្ជាក់ថា៖ ទាំងនេះជាមានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច ក្នុងការផ្តល់នូវជំនាញប្រចាំជីវិតពិត ប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាន ឱកាសការងារ និង បង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ។ ជាពិសេសដើម្បីធានាកម្មវិធីឲ្យទទួលបានប្រសិទ្ធផល ប្រសិទ្ធភាព ធានានិរន្តរភាព ស្របតាមគោលការណ៍ ឲ្យចប់ ឱ្យចេះ ឲ្យមានការងារ របស់សម្ដេចធិបតី៕

