បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅអគារបច្ចេកទេសក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ យុវជន ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ជានិច្ច។
ឯកឧត្តមបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋ ដោយមិនពលរដ្ឋណាម្នាក់រងទុក្ខដោយអត់អាហារនោះទេ ពោលគឺកាកបាទក្រហមកម្ពុជាតែងតែជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។
សូមបញ្ជាក់ថា ៖ គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ទាំង៣៥៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕

