បន្ទាយមានជ័យ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានចាត់ក្រុមការងារតាមរយៈ មន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រគល់អំណោយជាស្បៀង មានអង្ករ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនកងកម្លាំងទាំង៣ ដែលឈរជើងតាមបណ្ដោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួសុខរបស់ឧត្តមរដ្ឋមន្ត្រី និងថ្លែងអរគុណ ចំពោះវីរៈភាពដ៏អង់អាចក្លាហានវីរៈកងទ័ព ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានសត្រូវប្រទេសជិតខាង និងបានសម្ដែងការដឹងគុណយ៉ាងស្មោះស្ម័គ្រ មិនអាចបំភ្លេចបាន ចំពោះវីរៈកងទ័ពដែលរងរបួសដែលបានពលីក្នុងសមរភូមិ។
ជាមួយគ្នានោះតំណាងវីរៈកងទ័ពទាំងបី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុមេធី និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ លើកទឹកដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមព្រំដែន តាមរយៈការឧបត្ថម្ភជាស្បៀង និងសម្ភារៈផ្សេងជាបន្តបន្ទាប់ និងបានជូនពរឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងកាយពលមាំមួន ជួបប្រទះ តែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចំពោះអំណោយដែលបានផ្តល់ជូនអង្គភាពទាំង៣ ក្នុងមួយអង្គភាព ទទួលបាន ៖ ធុងទឹក35L = ១០០ធុង, អង្ករ10គីឡូ = ២០០ប៉ាវ, ទឹកសុទ្ធ500ml = ៥០កេស, មី ៥០កេស, ភួយ ៧០, កាហ្វេ = ៥កេស, ធូបមូស = ៣កេស, គ្រាប់ជី = ៥កេស, ភេសជ្ជ: = ៥០០កំប៉ុង, អំបុក = ៧២០ដប, ឆៃប៉ូវ = ៥១៤កញ្ចប់៕

