បន្ទាយមានជ័យ ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង–ស្រុក ដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ ។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការនិមន្តនិងចូលរួមពីថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃទាំង២គណៈ អភិបាលក្រុង–ស្រុក មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្ត គណៈកម្មការគ្រីស្ទបរិស័ទខេត្ត គណៈអីម៉ាំខេត្ត ថ្នាក់ដឹកនាំសាសនា និងលោក លោកស្រីអាចារ្យ អាចារិនីប្រមាណ២៥០នាក់ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា អាចារ្យ អាចារិនីវត្ត និងគណៈកម្មការវត្ត សរុបទូទាំងខេត្តមានចំនួន២៨៣១ នាក់, មន្ទីរធម្មការ ក៏បានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ របស់ក្រសួងធម្មការនិងសាសនា ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០(ជំនាន់ទី១) រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សរុបបានចំនួន៥១ជំនាន់ អាចារ្យ អាចារិនី ដែលបានទទួលការ បណ្តុះបណ្តាល សរុបចំនួន ៤៥៣ អង្គ/នាក់ (ព្រះសង្ឃចំនួន ៥១ អង្គ និង គ្រហស្ថ ៣៩៦ នាក់ (ស្រី ៦ នាក់) ។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានផ្តល់នូវ អនុសាសន៍សំខាន់ មួយចំនួនដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ ក៏ដូចជាចូលរួមចំណែកក្នុងការជួយកែលម្អ អាចារ្យ អាចារិនីខ្មែរខេត្ត ក្រុង/ស្រុក ដែលមានចំណុចខ្វះខាត ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាពិសេសចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ ស័ក្តិសមជាទីកន្លែងគោរសក្ការៈ និងជារមណីយដ្ឋាន ផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទ ស្របតាមអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម រួមមាន សទី១វត្តស្អាត ៖ បរិស្ថានស្អាត អនាម័យល្អ សំណង់មានរបៀបរៀបរយ ជារមណីយដ្ឋានសាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ, សទី២វត្តស្វាង ៖ ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំនិងជាកន្លែងដុសខាត់ចិត្តនិស្ស័យ បណ្តុះបញ្ញាស្មារតីឱ្យស្គាល់គុណធម៌ សីលធម៌ សុជីវធម៌។ (ចូលមកងងឹត ទៅវិញភ្លឺ) និងសទី៣វត្តស្ងប់ ៖ ជាកន្លែងគ្មានអធិករណ៍ជាកន្លែងធ្វើសមាធិកម្មដ្ឋាន ហ្វឹកអប់រំចិត្ត (គ្មានជម្លោះ) ។ (គ្រឿងជាប់ជំពាក់នានា)បន្ទោបង់នូវកិលេស ធ្វើឱ្យចិត្តស្ងប់ប្រាសចាកគ្រឿងពន្ធកិច្ចនានា។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ទីរធម្មការនិងសាសនា បន្តការងារ បញ្ជូនអាចារ្យ អាចារិនី ដែលមិនទាន់បានចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ របស់ក្រសួងធម្មការនិងសាសនា ឱ្យពួកគាត់បានចូលរួមជាបន្តបន្ទាប់ ឬក៏អាចធ្វើការបើកវគ្គបណ្តុះបណ្តាលនេះ នៅថ្នាក់ខេត្ត ព្រោះការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុត សម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនពិធី និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស, ការអភិវឌ្ឍ វប្បធម៌ និងសាសនារបស់ជាតិ៕

