ខេត្តបន្ទាយមានជ័យ៖ដើម្បីចូលរួមអនុវត្តឲ្យបានល្អ នូវអភិក្រម ស៣ សម្រាប់វត្តអារាម របស់ក្រសួងធម្មការនិងសាសនា រួមមានវត្តស្អាត វត្តស្វាង និងវត្តស្ងប់ ពិសេសវត្តអារាមឲ្យក្លាយទៅជាអារាមមេត្រីនោះ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តរតនារាមផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះអង្គបានដឹកនាំកិច្ចប្រជុំពិភាក្សានៃគម្រោងសាងសង់ស្រះមុជ្ជលិន្ទ នៅក្នុងបរិវេណវត្តផ្សារកណ្តាល ប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមាន រួមពីសំណាក់លោកឧកញ៉ា អស់លោក លោកស្រី ដែលជាម្ចាស់សទ្ធាដែលបានផ្ដួចផ្ដើមឡើងដោយលោកជំទាវឧកញ៉ា អ៊ុង ស៊ាងរិទ្ធី នៅក្រុងភ្នំពេញ លោក តាំង គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតនិងឧកញ៉ាម្ចាស់ ក្រុមហ៊ុនសាងសង់ក្រុងប៉ោយប៉ែត។
លោក តាន់ គឹមរិទ្ធ បានលើកឡើងថា រាល់សមិទ្ធផលទាំងអស់នៅក្នុងវត្តដែលបានកើតឡើង គឺមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ទើបសមិទ្ធផលបានជោគជ័យ ហើយគម្រោងសាងសង់ស្រះមុជ្ជលិន្ទនេះ ត្រូវចំណាយថវិកាជាច្រើន។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះផងដែរ លទ្ធផលនៃការតថ្លៃរវាង ម្ចាសសទ្ធា និងក្រុមហ៊ុនម៉ៅការសាងសង់ គឺបានសម្រេចយកតម្លៃសរុបចំនួន ២៧ ៤០០០ដុល្លារសហរដ្ឋ អាមេរិក ការសាងសង់នេះទៀតសោត តម្លៃនិងគុណភាពគឺល្អ ដើម្បីឲ្យសមិទ្ធផលនេះរក្សាបានយូរអង្វែងសំខាន់ស្តង់ដាររចនាបទខ្មែរមានគុណភាពរឹងមាំមាន ជំហរច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការពេញចិត្តរបស់ម្ចាស់សទ្ធាផងដែរ។
ព្រះអង្គ តែម ម៉ាច មានសង្ឃដីកាបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ស្រះនេះ ព្រះអង្គក៏មានគម្រោងសាងសង់មហា បីជាន់សម្រាប់ព្រះអង្គគង់នៅ ក្លោងទ្វាររបង ដែលកំពុងសាងសង់ជាបណ្តើរៗហើយ អាស្រ័យហេតុនេះក្នុងនាមជាព្រះគ្រូចៅអធិការវត្តសុំធ្វើការអំពាវនាវដល់ សប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេសសូមមេត្តាចូលរួមកសាងតាមកម្លាំងសទ្ធាជ្រះថ្លារៀងរៀងខ្លួន៕

