បន្ទាយមានជ័យ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់កង់ជូនយុវជនស្ម័គ្រចិត្តឃុំ–សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សមាជិក–សមាជិកា សហភាពសហព័ន្ធយុវជនខេត្ត ក្រុង–ស្រុក ប្រមាណ៤០០នាក់ផងដែរ។
នាឱកាសនោះឯកឧត្ដម ហេង សួរ ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពិសេស សហភាព សភាសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលតែងតែចូលរួមគ្រប់សកម្មភាពជាមួយនឹងរដ្ឋាភិបាល ក៏ជារដ្ឋបាលខេត្ត។
ឯកឧត្ដម រដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើង ដែលផ្តល់ឱកាសពិសេសបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង មានការងារធ្វើទទួលប្រាក់កម្រៃខ្ពស់ ត្បិតប្រាក់ខែខុសគ្នាពីប្រទេសជិតខាងតិចតួច ក៏ពិតមែន តែបងប្អូនទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទទួលបានការពិនិត្យសុខភាពដោយមិនអស់ថវិកា ពេលមានគ្រោះថ្នាក់ការងារទៅព្យាបាលជម្ងឺមិនអស់ថវិកា តែបើគ្រោះថ្នាក់ដល់ខ្លួនពិការមិនអាចធ្វើការងារបាន ប.ស.ស អ្នកចិញ្ចឹម បើទោះបីបងប្អូនធ្វើការងារមិនកើតក៏ដោយ ក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស។
ឯកឧត្ដម បន្តថា ចំពោះបងប្អូនពលករដែលបានវិលត្រលប់មកពីប្រទេសជិតខាង មានជំនាញខាងសំណង់ ក្នុងខែមករា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ នឹងរៀបចំធ្វើតេស្តជំនាញសម្រាប់អ្នកដែលធ្លាប់ធ្វើការនៅប្រទេសជិតខាងក្នុងវិស័យសំណង់ ។ ហើយការធ្វើតេស្តសមត្ថភាពនេះ គឺមិនគិតអតីតភាព ការងារ មិនគិតថារៀនដល់ថ្នាក់ទីប៉ុន្មាននោះទេ អត់ចេះអក្សរក៏ដោយ ឱ្យតែមានជំនាញក្នុងការងារសំណង់ អាចដាក់ពាក្យធ្វើតេស្តបាន។ ចំពោះបងប្អូន ក៏ដូចជាយុវជន ដែលពុំមានការងារធ្វើហើយចង់រៀនជំនាញមួយច្បាស់លាស់ បើសិនបងប្អូនមានចម្ងល់ទាក់ទិននិងការរៀនជំនាញ អាចខលទៅលេខ ១២៩៧ ដើម្បីប្រឹក្សាពីទីផ្សារការងារនៅក្នុងស្រុក។
ឯកឧត្ដម ហេង សួរ បញ្ជាក់ថា ការមានជំនាញមួយច្បាស់លាស់ គឺជាឱកាសទីផ្សារ សម្រាប់បងប្អូនទទួលបានការងារល្អធ្វើមានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គត់គ្រួសារ មិនត្រឹមតែប៉ុណ្ណោះបើទោះបីការងារនៅក្នុងស្រុកប្រាក់ចំណូលមិនខ្ពស់ដូចបណ្តារប្រទេសជឿនលឿនក៏ពិតមែន តែយើងទទួលបានអត្ថប្រយោជន៍ជាច្រើន ៕

