សម្ពោធផ្លូវបេ​តុងថ្មី ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា ទទូច​សុំអ្នកដំ​ណើរ ភ្នំពេញ-ព្រៃវែង កាត់​តាម​ពោធិ៍រៀង​ គោរពច្បាប់និ​ងប្រុងប្រយ័ត្ន!

បន្ទាប់ពីដា​ក់ឱ្យប្រជាពល​រដ្ឋ ប្រើប្រា​ស់បា​នមួយ​រយៈ ទីបំផុតកំណា​ត់ផ្លូវបេតុង​ ពីភូមិច្រាំងទទឹង ឃុំ​ព្រែក​អន្ទះ ដល់ភូមិ​យាយសល់ ឃុំពោ​ធិ៍រៀង ស្រុក​ពោធិ៍រៀង ខេ​ត្តព្រៃវែង បានសម្ពោធដា​ក់ឱ្យ​ប្រើប្រាស់​ជាផ្លូវកា​រ ក្រោមអធិ​បតីភាពឯកឧត្តម​អភិសន្តិបណ្ឌិត ស សុ​ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋាភិ​បាលចុះមូល​ដ្ឋានខេត្តព្រៃវែ​ង និងលោកជំទាវ កែ សួនសុភី ស សុខា ​នារសៀលថ្ងៃទី១​២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ផ្លូវបេតុ​ងនេះ ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តព្រៃវែង ក្រោមការ​ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះដើ​រតួនាទីស​ម្រាប់ការធ្វើ​ដំណើររបស់ប្រ​ជាពលរដ្ឋ​ចេញពីក្រុងព្រៃ​វែង ឆ្ពោះទៅរាជ​ធានីភ្នំពេញ ជិតជាងផ្លូវជាតិលេខ១ និងលេខ៨។ យោងតាមរបាយ​ការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្លូវនេះមា​នទ​ទឹង៨ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ ប្រវែង ៨ ៦០០ម៉ែត្រ។

បើតាមឯកឧត្តម​អនុរដ្ឋលេខាធិការ ក្រៅពី​សមិទ្ធផលផ្លូវបេតុងនេះ នៅមានសមិទ្ធផល៣ទៀតដែរ ដែលបានសម្ពោធរួមគ្នា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ នាឱកាសនោះ គឺបង្គោល និងអំ​ពូលសូឡា ចំនួន២៨៨ដើម ដែលដាក់បំភ្លឺតាមបណ្ដោយដងផ្លូវ ផ្លូវបេតុងសរ​សៃដែក​ប្រវែង​២០៩ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងទីធ្លាចាក់បេតុង ទំហំជាង២ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងភូ​មិយា​យសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

មានប្រសា​សន៍សំណេះសំ​ណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូស​បញ្ជាក់​ថា ឯកឧត្តមផ្ទាល់​ ក៏មិនខុសពីប្រ​ជាពលរដ្ឋទូទៅនោះដែរ គឺពិតជាមានក្ដីរីករាយ និងអំ​ណរសាទរជាពន់ពេកចំពោះការសម្រេចបានសមិទ្ធផលដែលសម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ ជាពិ​សេស​កំណាត់ផ្លូវបេតុង ដែលតភ្ជាប់ និងកាន់តែបង្កើនភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ធ្វើដំ​ណើរក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងអ្នកដំណើរទៅមករាជធានីភ្នំពេញ និងក្រុងព្រៃវែង។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលផ្លូវបេតុងនេះ គឺជាមនុញ្ញ​ផល​ថ្មីចុងក្រោយមួយទៀត កើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧ​បនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីត​ប្រធានក្រុមកា​រងាររាជរដ្ឋាភិបា​លចុះមូលដ្ឋាន​ខេត្តព្រៃវែង ស្រ​បតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍស្រុកពោធិ៍រៀង ដែលបង្កើតចុងក្រោយគេ និងភ្ជា​ប់ក្រុងព្រៃ​វែងមកកាន់រាជធានីភ្នំពេញ កាត់ស្រុកល្វាឯម ខេត្តកណ្ដាល។

ភ្ជាប់នឹងអំណរសាទរចំពោះសមិទ្ធផលថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក៏ជាប្រធា​នគណៈកម្មាធិ​ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវយ៉ាងទទូច ទៅកាន់ប្រជាពល​រដ្ឋក្នុង​ស្រុកពោធិ៍​រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើ​កបរគោរព​ច្បាប់ចរាចរ​ណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រ​ប់ពេលវេលា ពីព្រោះហានិភ័យនៃគ្រោះថ្នាក់ នឹងមានកំណើន នៅពេលផ្លូវកាន់តែងាយ​ស្រួលធ្វើដំណើរ ប៉ុន្តែអ្នកបើកបរកាន់តែខ្វះការប្រុងប្រយ័ត្ន និងគោរពច្បាប់។

ចេញពីប្រធានបទពាក់ព័ន្ធ និងបញ្ហាចរាចរណ៍ ឯកឧត្ដមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត ក្រុ​ង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានកា​របង្ក្រាបក្រុម​ក្មេ​ងទំនើងដោយ​គ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំ​ណុំរឿងបញ្ជូនពួ​កគេទៅស្ថាប័នតុ​លាការ។ ចំ​ណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើង​ពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដម​អ​ភិ​សន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា«សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែ​ងខ្លីមិន​សមរម្យ ​មិនគួរអនុញ្ញាតឱ្យចូលរៀននោះទេ»

Leave a Reply

Your email address will not be published. Required fields are marked *