ប៉ៃលិន៖លោក ឈ្មោះ ហ៊ាន ពិសិដ្ឋ មន្ត្រីសុរិយោដីបំរើការនៅច្រកចេញ ចូលតែមួយទទួលបន្ទុក ការងារសំណង់នៃរដ្ឋបាលខេត្តប៉ៃលិន មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការបំភ្លឺលើករណីប្រតាយប្រតប់គ្នា ខណ:ពេលចអនុវត្តវិវាទដីធីដូចខាងក្រោម។
ដោយមានសំណេរថា ខ្ញុំបាទបានទិញដីពីលោក ម៉ម ហុន សមាជិកក្រុមប្រឹក្សាស្រុកសាលាក្រៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កាលនោះខ្ញុំបានអញ្ជើញលោក ម៉ម ហុន និងលោក អ៊ឹង ហុកតិច ជាប់ព្រំសងខាងមក កំនត់ព្រំវាស់វែង ដាក់បង្គោលដើម្បីកំណត់ព្រំកម្មសិទ្ធិមុននឹងសម្រេចធ្វើលិខិតទិញលក់។
ពេលមន្ទីររៀបចំដែនដីចុះប្រកាសតំបន់វិន័យ នៅភូមិអូរដូនតាក្រោម ខ្ញុំបានសុំអោយក្រុមវាស់វែង ដីធ្លីចុះបញ្ជីដីធ្លីលក្ខណៈជាប្រពន្ធ័ចុះវាស់វែងចុះបញ្ជី តែត្រូវបានបដិសេធពីលោក អ៊ឹង ហុកតិច រារាំងមិនអោយវាស់វែង និងចុះបញ្ជី ដោយគាត់សំអាងថាដីនោះលោក ម៉ម ហុន បានយកដីគាត់លក់មកអោយខ្ញុំ។ ខ្ញុំ ព្យាយាមសម្របសម្រួលភាគីសងខាងដើម្បីអាចចុះបញ្ជីដីធ្លីបាន រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានដាក់លិខិតមួយច្បាប់គោរពជូនលោកអភិបាលស្រុក ស្នើសុំជួយសម្របសម្រួល ដើម្បីបញ្ចប់វិវាទ។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកអភិបាលរង គឹម សុខា បានកោះហៅខ្ញុំអោយចូលរួមសម្រប សម្រួលជាមួយលោក ម៉ម ហុន និងលោក អ៊ឹង ហុកតិច ដោយមានការចូលរួមពីលោក នួន ប៊ុនថុល ប្រធាន ភូមិបាល ស្រុកសាលាក្រៅ,លោក អ៊ឹម ភារ៉ុន អនុប្រធានវាល,លោក វ័រ រួម ជំទប់ទី១ ឃុំស្ទឹងត្រង់,លោក កែវ រំដេត សមាជិកក្រុមប្រឹក្សា និងអាជ្ញាធរ…បានចូលរួមសម្របសម្រួលជាច្រើននាក់។
លោក គឹម សុខា និងលោក នួន ប៊ុនថុល គាត់បានលើកឡើងថា ពួកគាត់មកទីនេះគាត់មានតួនាទី សម្របសម្រួល មិនកាត់អោយអ្នកណាឈ្នះ មានអ្នកណាចាញ់នោះឡើយ អោយភាគីទាំងបីបើកចិត្តអោយ ទូលាយទទួលការសម្របសម្រួលទាំងអស់គ្នាដើម្បីបញ្ចប់ការវិវាទ។ដើម្បីអាចចុះបញ្ជីដីធ្លីទៅរួចបាន ខ្ញុំបានយល់ព្រមប្រគល់ដីមួយផ្នែក ទៅអោយលោក អ៊ឹង ហុកតិច ដើម្បីបញ្ចប់រឿង មិនចង់អោយមានរឿងរ៉ាវវែងឆ្ងាយ។ចំណែកលោក ម៉ម ហុន គាត់បដិសេធពុំអាចកាត់ដី អោយថែមទៀតទេ គាត់ថាគាត់មានកូនច្រើនទុកចែកអោយកូនៗ។ក្រោយពីមានការជជែក ដោះស្រាយ វាស់វែងទល់មួយព្រឹកធំ លោក អ៊ឹង ហុកតិច,លោក ម៉ម ហុន រួមទាំងរូបខ្ញុំបាទបានឯកភាពដើម្បីអោយក្រុម វាស់វែងធ្វើកំណត់ហេតុបញ្ចប់វិវាទក្រោមបរិយាកាសរីករាយ ដោយមើលឃើញការឯកភាពគ្នា ខ្ញុំបានអោយប្រពន្ធពូហុន រៀបចំបាយទឹកមួយពេលជូនក្រុមការងារដោយសារហត់នឿយដោះស្រាយពេញមួយព្រឹកធំ ជូនដល់ក្រុមការងារទាំងអស់គ្នា។ ចំនែកការងារបន្ត លោក អ៊ឹម ភារ៉ុន រៀបចំធ្វើកំណត់ហេតុបញ្ចប់រឿង។
ប្រហែលជាម៉ោងជិត១២ ថ្ងៃត្រង់ លោក អ៊ឹង ហុកតិច គាត់បានប្រែចិត្តមិនព្រមវិញ ដោយគាត់បាន ទាមទារដីរបស់ខ្ញុំបន្ថែមទៀត រហូតមានការជជែកប៉ះពាល់ពាក្យសម្តីគ្នាបន្តិចបន្តួច បន្ទាប់មកលោក អ៊ឹង ហុកតិច បានស្ទុះមកសំដៅមកខ្ញុំបំណងបង្កហិង្សាដល់រូបខ្ញុំ ពេលនោះខ្ញុំក៏ប្រើសិទ្ធការពារខ្លួនក៏ បានទប់ហើយក៏គ្រវៀសដៃប៉ះមុខរបស់គាត់មានរបួសបន្តិចបន្តួចដោយមុតនិងជញ្ចៀនត្បូងរបស់ខ្ញុំ ដោយ នៅទីនោះមានអជ្ញាធរ ជាសាក្សី មានម្ចាស់ផ្ទះគាត់បានឃើញហេតុការណ៍នេះដែលកើតឡើងដោយអចេតនារបស់។
ក្រោយមកលោក អ៊ឹង ហុកតិច បានស្រែកថា តែប៉ុណ្ណេះបានហើយៗ ស្រែកខ្លាំងៗ រត់សំដៅទៅ ឡានគាត់ ខ្ញុំមានអារម្មណ៍ភិតភ័យ ខ្ញុំពុំដឹងថាគាត់មានបំណងទៅយកអ្វីពីក្នុងឡានរបស់គាត់មកបង្កបញ្ហា អ្វីទៀតទេ ខ្ញុំក៏បានប្រាប់លោក គឹម សុខា និងពូ អ៊ិន ណារិន បើកឡានចេញមកផ្ទះវិញ កុំអោយមានរឿងរ៉ាវ ធំបន្តទៀត។
នៅថ្ងៃដដែលលោក អ៊ឹង ហុកតិច បានដាក់ពាក្យបណ្តឹងនៅឃុំស្ទឹងត្រង់ និងអធិការស្រុកសាលា ក្រៅ ទាមទារសំណងទឹកប្រាក់១០០០០ដុល្លា(មួយម៉ឺនដុល្លាសហរដ្ឋអាមេរិក) រួចទាមទារអោយមន្ត្រី នគរបាលយុត្តិធម៌ចាប់ឃាត់ឡាននិង ឃុំខ្លួនរូបខ្ញុំ។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ឹង ហុកតិច បានបកស្រាយរឿងវិវាទក្នុងសារព័ត៌មានជាច្រើនបកស្រាយខុសពីការពិតជាសាធារណៈបង្ខួចកិត្តិយសរូបខ្ញុំបាទតាមតែអំពើចិត្តនិង ផ្សាយពាសពេញ បណ្តាញហ្វេសប៊ុក SHEAR ជាសាធារណៈធ្វើអោយខ្ញុំប៉ះពាល់កិត្តិយស។
ដើម្បីពន្លត់រឿងដ៏អាក្រក់នេះ ដែលខ្ញុំពុំធ្លាប់ជួបចាប់តាំងពីខ្ញុំមករស់នៅលើដីខេត្តប៉ៃលិន ដែលមាន លោកយាយយ៉ាតដ៏សាកសិទ្ធិ ខ្ញុំយល់ព្រមទទួលការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបញ្ចប់ការវិវាទទាំងរឿងទំនាស់ដីធ្លី និងទំនាស់របួស ស្នាមបន្តិចបន្តួច។រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងសងខាងក៏យល់ព្រមយកការសម្របសម្រួលឈរលើគោលនយោបាយឈ្នះឈ្នះទាំងអស់គ្នា ដោយសម្រួលទាំងវិវាទដីធ្លីនិងរបួសស្នាមហើយរាប់គ្នាឈប់គុំគួនចាប់ពីថ្ងៃនេះតទៅ៕

