ខេត្តបន្ទាយមានជ័យ៖នេះគឺជាទង្វើ ក៏ដូចជាគំរូដ៏អាក្រក់មួយសម្រាប់ម្ចាស់ហាងកាត់ដេរ មួយកន្លែងនៅចំណុចក្បែអាស្រមលោកយាយម៉ៅ ផ្សារអគ្គៈថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ដែលបានដាក់ទំនិញលក់ដូរនៅលើចំណីផ្លូវសាធារណៈ ។ដាក់នៅសំយាបហាងមិនអស់ចិត្តទេ ថែមទាំងយកមកដាក់លក់ នៅខាងមុខហាងឆ្លងផ្លូវម្ខាងលើផ្លូវសាធារណៈ ក្នុងនោះក៏មានដាក់ស្លាកយេហោ និងហាលសំលៀកបំពាក់ថែមទៀតផង ធ្វើឲ្យផ្លូវកាន់តែចង្អៀត ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ នៅពេលកម្លាំងនគរបាល ក្រោមការណែនាំចង្អុលបង្ហាញពី លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយបែត ចុះធ្វើការណែនាំ អប់រំ និងជួយប្រមូលចូល នោះ បែជាស្ត្រីជាម្ចាស់ហាងបានប្រើពាក្យពេចន៍មិនសមរំ និងគំរាមកំហែងចង្អុលមុខមកលើអ្នកសារព័ត៌មាន មិនឲ្យចុះផ្សាយពីទង្វើ និងជាគំរូដ៏អាក្រក់របស់ខ្លួន ។
ពាក់ពន្ធករណីខាងលើនេះក្រោយពីកម្លាំងនគរបាលបានធ្វើការណែនាំឲ្យបញ្ឈប់នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នោះឃើញថា ស្ត្រីរូបនេះបានទទួលយកការណែនាំអប់រំនេះ ហើយសន្យាថា នឹងបញ្ឈប់ការដាក់តាំងលក់លើចំណីផ្លូវសារធារណៈបន្តទៀត។
ជុំវិញករណីស្ត្រីជាម្ចាស់ហាងខាងលើបានប្រើពាក្យពេចន៍មិនសមរំក្រអើតក្រទមនេះដែរ ប្រជាពលរដ្ឋ អាជីវករដូចគ្នា បានបង្ហើបឲ្យដឹងថា ស្ត្រីដែលជាម្ចាស់ហាងរូបនេះ មិនសូវចូលចំណោមនឹងគេប៉ុន្មាននោះទេ ធ្វើអ្វីប្លែកៗមិនចេះមើលគេ មើលឯងនោះទេ ហើយកន្លងមកនេះអាជ្ញាធរក៏ធ្លាប់ធ្វើការណែនាំហើយដែរ ទាំងកាត់សំយាប ធ្វើផ្លូវ និងដាក់លើចំណីផ្លូវជាដើម មិនសូវជាស្តាប់ ពោលគឺតែងតែរឹងរូស មិនដឹងជាមានខ្នងបង្អែកប៉ុនណានោះទេ ។
គួរំលឹកផងដែរថា កន្លងមកនេះអាជ្ញាធរក្រុង សង្កាត់ សហការជាមួយជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ បានប្រកាស និងចេញអនុវត្តទៅលើប្រជាពលរដ្ឋ ក៏ដូចជា អាជីវករណាដែលបានយកចំណីផ្លូវធ្វើជាអាជីវកម្ម ដូចជា តសំយាប ដាក់សម្ភារៈ និងទំនិញលក់ដូរនៅលើផ្លូវសាធារណៈ ឲ្យធ្វើការរើរុះ កាត់ចេញដោយមិនលើកលែង ដោយធ្វើស្មើភាពគ្នា ដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរ ពិសេសងាយស្រួលនៅពេលមានឧបទ្ទវហេតុកើតឡើង ដូជា អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ ងាយជួយសង្គ្រោះទាន់ពេលវេលា ជាងនេះទៅទៀតជួយឲ្យទីក្រុងរបស់យើងមានសោភ័ណ្ឌភាពស្រស់ស្អាត ដើម្បីលើកមុខមាត់ក្រុង ខេត្ត ប្រទេសរបស់យើងផងដែរ ដោយសារនៅក្នុងប៉ោយប៉ែតយើងមានភ្ញៀវជាតិមកគ្រប់បណ្តាខេត្តនានា–អន្តរជាតិចូលមកដាក់ទន់រកទទួលទានយ៉ាងច្រើនផងដែរនោះ ទោះបីជាច្រទ្វាព្រំដែនកម្ពុជា–ថៃត្រូវបានបិតយ៉ាងណាក្តី៕

