រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រធាននាយកដ្ឋាន ទាំងអស់គិតគូរៀបចំផែនការសកម្មភាព របស់នាយកដ្ឋាន សម្រាប់ការងារឆ្នាំថ្មី និងអភិវឌ្ឍអង្គភាពកាន់តែរីកចម្រើនទៅមុខ ។ ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍ណែនាំបែបនេះក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់នូវអនុសាន៍បន្ថែម ជូនដល់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពទាំងអស់ ដើម្បីបន្តពង្រឹងគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាលនូវចំណុចមួយចំនួនដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាព របស់អ្នកជំងឺ
– យកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺគ្រុនឈាម ដែលអាចនឹងកើតមាន ក្នុងពេលចុងរដូវវស្សានេះ
– យកចិត្តទុកដាក់លើការងារជំងឺមិនឆ្លង ដែលជាការងារអាទិភាព
– បន្តធ្វើការងារផ្នែកសុខភាពផ្លូវចិត្ត ដោយពិនិត្យឱ្យបានច្បាស់លាស់ពីផលប៉ះពាល់របស់អ្នកជំងឺ
– ថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងពង្រឹងសេវានៅតាមមូលដ្ឋាន ប្រកបដោយគុណភាព និងសមធម៌
– បន្តពង្រឹងការគាំទ្រ ដល់មូលដ្ឋានសុខាភិបាល និងបង្កើនការទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព
– បន្តតាមដាន និងថែរក្សាអនាម័យ នៅតាមមណ្ឌលសុខភាព កាន់តែល្អប្រសើរ៕

