ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃបុណ្យកឋិនទាននៅឆ្នាំ២០២៥ ដែលបាននឹងប្រព្រឹត្តទៅគ្រប់វត្តអារាមទូទាំងប្រទេស សម្រាប់កឋិនទានសាមគ្គី វត្តគិរីរុក្ខារាមថ្មរមៀល នៃភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលផ្ដួចផ្ដើមដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែមសាខន ឯកឧត្ដម កែគឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្ដម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំង ជាពុទ្ធបរិស័ទជិតឆ្ងាយ។
កឋិនទាន គឺជាបុណ្យមួយ ដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សាហើយបុណ្យកឋិនទាន ដែលត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ពុំមានទំនេរវត្តណាមួយនោះឡើយ ដូចនេះគេតែងតែឃើញក្បួនដង្ហែអង្គកឋិនទានដង្ហែទៅកាន់ទីវត្តអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែ កក្តិក មានរយៈពេល ២៩ថ្ងៃហើយវត្តនីមួយៗ ទទួលបានអង្គកឋិនទានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដោយឡែកសម្រាប់ថ្ងៃពុធ ទី២៥ ខែ តុលា ឆ្នាំ២០២៥នេះ នាវត្ត ថ្មរមៀល ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ លោកអាចារ្យគណៈកម្មការឧបាសកឧបាសិកា ព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្ត ដែលមានសទ្ធាជ្រះថ្លាស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រគេនដល់ព្រះ ភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីក្រាលគ្រង ទៅតាមពុទ្ធានុញ្ញាតនឹងពុទ្ធបញ្ញត្តិ ដែលព្រះដ៏មានប្រសិទ្ធភាពព្រះអង្គទ្រង់ត្រាស់សម្ដែងទុក។ ម្យ៉ាងទៀត ដើម្បីប្រមូលបច្ច័យ។ កម្មវិធីអង្គកឋិនទានសាមគ្គីនេះ ក៏បានធ្វើការរៀបចំទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនា ។
ព្រះអង្គគ្រូ ខេមញាណ រ៉េន ស៊ីណាត ព្រះរាជាគណះថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្ត ថ្មរមៀល ព្រះអង្គមាន សង្ឃដីកាថា កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ បុណ្យកឋិនទាន ធ្វើឡើងនៅ ក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន ១ដើម្បីបង្កើតនូវសាមគ្គីភាពរវាងបុគ្គលគ្រួសារនិងសង្គម ២ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងយូរអង្វែង ៣ ដើម្បីផ្តល់នូវកម្លាំងកាយចិត្ត ដល់ព្រះភិក្ខុសង្ឃដើម្បីថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរដែល ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឲ្យកើតនូវសេចក្ដីប្រមាថចំពោះមហាកោសល្យរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា បច្ច័យចូលរួមក្នុង អង្កកឋិនទាននេះ ទទួលបាន បច្ច័យ 40005$ បច្ច័យប្រជា ពុទ្ធបរិស័ទ 4332$ និង 10លានរៀលជាង និង បច្ច័យសម្រាប់ ប្រគេនវត្ត ប្រសាទតាមាន់ 50004$៕

