ខេត្តបន្ទាយមានជ័យ៖ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះមន្រ្ដីសង្ឃ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងការប្រកាសលទ្ធផលប្រលងឆមាសលើកទី១ របស់សមណៈសិស្ស ពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ២០២៥–២០២៦ ។
លោក លន រុងរឿង ដែលជានាយករងនៃពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម បានឲ្យដឹងថា សមណៈសិស្សបឋមភូមិ សមណៈសិស្សបណ្ដុះបណ្ដាល សរុបចំនួន ២៦៣២អង្គ/នាក់ សមណៈសិស្សទុតិយភូមិ សមណៈសិស្សបណ្តុះបណ្តាលសរុបចំនួន ៤៨៩អង្គ/នាក់ ។ ចក្ខុវិស័យ នៃពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ខេត្តបន្ទាយមានជ័យទៅបានយកចិត្តទុកដាក់លើកកម្ពស់ទៅលើវិស័យអប់រំដែលផ្តោតទៅលើគុណធម៌សីលធម៌ចរិយាធម៌និង គំនិតអប់រំស្មារតីដល់ សមណៈសិស្ស ឲ្យស្គាល់អំពីអត្តសញ្ញាណជាតិរបស់ខ្លួនផ្តល់នូវមនសិការជាតិចេះស្រឡាញ់ជាតិមាតុភូមិគោរពច្បាប់ មិនរើសអើងជាតិសាសន៍ និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងមានការអប់រំឲ្យចំណេះដឹងចំណេះធ្វើដែលមានលក្ខណៈវិទ្យាសាស្ត្រស្របតាមបច្ចេកវិទ្យានិងតម្រូវការសកលលោក ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងលោក យឹម សំណាង អភិបាលរងខេត្តបានមានប្រសាសន៍ថា ការរៀបចំប្រកាសនេះជាលើកទីមួយ និងជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ដែលគណៈគ្រប់គ្រងសាលាបានរៀបចំ ពិធីអបអរសាទរចំពោះការប្រកាសលទ្ធផលឆមាសលើកទី១ របស់សមណៈសិស្សទាំងពីរកម្រិត នៃការទទួលបានចំណាត់ថ្នាក់ល្អនៅពេលនេះ ព្រឹត្តិការណ៍នេះ មានគោលបំណងសំខាន់ៗដូចជា ១ សម្រេចលទ្ធផលនៃការសិក្សាពីបានបង្ហាញនូវលទ្ធផលពិតប្រាកដក្នុងឆមាសទី១ ដើម្បីឲ្យសមណៈសិស្ស ព្រះចៅអធិការជាអាណាព្យាបាល និងគ្រូបង្រៀនទទួលបានការយល់ដឹងអំពី កម្រិតសម្ថភាព និងភាពជឿជាក់ ក្នុងការបន្តការសិក្សាឆមាស បន្ទាប់ពីការលើកទឹកចិត្តឲ្យ សមណៈសិស្ស ខិតខំសិក្សារៀនសូត្រ ការប្រកាសលទ្ធផលនេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់ សមណៈសិស្ស ដែលបានប្រឹងប្រែងឲ្យកាន់តែខិតខំជាងមុន និងជាការលើកស្ទួយចិត្ត សមណៈសិស្សដែលមានលទ្ធផលទាប ឲ្យកែលម្អខ្លួនឲ្យបានល្អ ។ ៣ការបង្ហាញសមិទ្ធផលការអប់រំរបស់សាលាលទ្ធផលនេះជាភ័ស្តុតាងបង្ហាញពីគុណភាពបង្រៀនទាំងការគ្រប់គ្រងសាលាដែលបានអនុវត្តតាមកម្មវិធីសិក្សារបស់អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ៤ ពង្រឹងទំនាក់ទំនងរវាងគ្រូ សមណៈសិស្ស និងព្រះ មន្រ្តីសង្ឃព្រឹត្តិការណ៍ប្រកាសលទ្ធផលនេះជាឱកាសមួយឲ្យ សមណៈសិស្ស គ្រប់ឋានានុក្រម រួមចំណែកពិភាក្សាជជែកនិងផ្តល់យោបល់ផ្សេងៗ ក្នុងការអភិវឌ្ឍគុណភាពសិក្សារបស់ សមណៈសិស្ស ៥ ដាក់គោលបំណងសម្រាប់ឆមាសទីពីរបន្ទាប់ពីការប្រកាសលទ្ធផលគណៈគ្រប់គ្រងសាលានិងដាក់ចេញផែនការបង្រៀននូវគោលដៅថ្មី ដើម្បីឱ្យសមណសិស្សទាំងអស់អាចសម្រេចបានលទ្ធផលប្រសើរជាងមុន ក្នុងឆមាសទី២។ ការប្រកាសលទ្ធផលប្រលងឆមាសលើកទីមួយ ក្នុងពេលនេះទៅជាលទ្ធផលនៃការខិតខំតស៊ូព្យាយាមរៀនសូត្រទាំងផ្លូវលោកទាំងផ្លូវធម៌។ បញ្ចប់នៃកម្មវិធី លោក ស្រី យាំង អួយលីន នាយិកា អង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ FRA នៃកោះតៃវ៉ាន់បាន បានក៏ប្រគេន អង្ករ ដល់ព្រះសង្ឃ វត្តចមសុទ្ធាវាស ហៅវត្ត ស្វាយចាស់ ចំនួន ២តោននិងប្រគេនព្រះសង្ឃនៃវត្ត សមាធិផលចំនួន ២តោន ព្រោះថាវត្តទាំងពីរនេះមានព្រះសង្ឃគង់នៅរៀនសូត្រច្រើន៕

