ខេត្តបន្ទាយមានជ័យ៖គ្រួសារមានជីវភាពខ្វះខាតចំនួន ៣៧គ្រួសារ រស់នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក រស់នៅក្បែរព្រំដែន ត្រូវបានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ ចែកជូន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមរបស់ លោកស្រី ម៉េង គឹមហ៊ួយ សមាជិកគណៈកម្មាធិការសាខា តំណាងឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
លោកស្រី ម៉េង គឹមហ៊ួយ បានមានប្រសាសន៍ផ្តាំផ្ញេីរសាកសួរសុខទុក្ខ ពីសំណាក់សម្តេច គិតិព្រឹទ្ធបណិ្ឌត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុក ឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
លោកស្រី ម៉េង គឹមហ៊ួយ ក៍បានធ្វើការអំពាវនាវដល់បងប្អូនខ្មែរយើងទាំងអស់ ចូលរួមជាកម្លាំងមហាសាមគ្គីជាធ្លុងមួយទប់ស្កាត់ រុញច្រាន ពពួកចោរសៀមឈ្លានពាន ទឹកដីហេីយក៍សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី បញ្ជាក់ថា ក្រោយការចូលជាធរមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា នឹងកងទ័ពសៀម ដែលបានឯកភាពគ្នា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ ២០២៥ កងទ័ពរបស់យេីង ស្ថិតក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញ រឹងមាំ គោរពយ៉ាងមុឺងម៉ាត់បំផុតលើលក្ខខណ្ឌនៃការឈប់បាញ់ ប៉ុន្តែពពួកចោរសៀមបន្តការរំលោភ រាយបន្លាលួស ដេញប្រជាពលរដ្ឋ ធ្វើទុក្ខបុកម្នេញមិនឲ្យយេីងបានសុខនោះឡើយ។ គួរបញ្ជាក់ថា អំណោយដែលបានយកមកផ្តល់ជូនបងប្អូនជនភៀសសឹក នាពេលនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូ មីខ្លាឃ្មុំ ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ មុង ១ ភួយ ១ និងថវិកាមួយចំនួនផងដែរ៕

