បុណ្យ​សម្ពោធ​ឆ្លង​រទេះ​សាឡី​ វត្ត​ទកិ្ខណ​គង្គារាម​”អញ្ចាញ​”ក្នុង​ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គលបូរី​

ខេត្ត​បន្ទាយមានជ័យ​៖ ឡានរទេះ​សាឡី​១គ្រឿង​ស្ថិតនៅ​វត្ត​ទកិ្ខណ​គង្គារាម​ អញ្ចាញ​ ក្នុង​ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ដែល​ជា​សទ្ធា​ជ្រះថ្លា​របស់​ ឯកឧត្ដម​ នូ​ សុីថា​ និង​លោក​ជំទាវ​ បាន​ផ្តល់​ជា​ថវិកា​ ដើម្បី​ស្ថាបនា​រទេះ​សាឡី​ថ្មី​ សម្រាប់​បំរើ​ការ​ជា​សាធារណៈ​ក្នុង​វត្ត​អញ្ចាញ​នេះ​ ដោយ​ចំណាយ​ថវិកា​អស់​ ១៥០០០$​ សហរដ្ឋអាមេរិក​។

ព្រះ​តេជគុណ​ ជាត​ សំភុត​ ព្រះ​ចៅអធិការ​វត្ត​អញ្ចាញ​ បាន​មាន​សង្ឃដីកា​ថា​ វត្ត​អញ្ចាញ​គឺជា​វត្ត​មួយ​ ក្នុង​ចំណោម​វត្ត​ទាំង​ ៥៥​ នៅ​ទូទាំង​ស្រុក​មង្គលបូរី​ ហើយ​ក៍​បាន​កសាង​ និង​កំពុង​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​ក្នុង​វត្ត​ ជាក់ស្ដែង​កំពុង​កសាង​ជួសជុល​ព្រះ​វិហារ​ឡេីង​វិញ​។ ក្រោយ​ពី​ជាង​បាន​ធ្វើ​ឡាន​រទេះ​សាឡី​រួច​រាល់​ហើយ​នោះ​ក៏​បាន​នាំ​យក​មក​កំណត់​ថ្ងៃ​សម្ពោធ​ឆ្លង​ដាក់​ឲ្យ​ ប្រេីប្រាស់​ នាថ្ងៃ​ទី​០៥​ ខែ​តុលា​ ឆ្នាំ​២០២៥​ ជា​ប្រយោជន៍​សាធារណៈ​ជន​ ដែល​ជួប​នូវ​មរណទុក្ខ​ទូទៅ​មិន​ប្រកាន់​វណ្ណៈ​ និង​សាសនា​អ្វី​នោះ​ឡើយ​ គឺ​ជា​សម្បត្តិ​រួម​។

លោក​ អ៊ូ​ សុភាព​ អភិបាល​រង​ ស្រុក​មង្គលបូរី​ និង​ លោក​ បៀវ​ ថាន​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ បាន​មាន​ប្រសាសន៍​ ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ឯកឧត្ដម​ នូ​ សុីថា​ និង​លោក​ជំទាវ​ ដែល​បាន​ចំណាយ​ទ្រព្យ​ធន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ បង្កើត​បាន​ជា​សមិទ្ធផល​សម្រាប់​បំរើ​សេចក្តី​ត្រូវ​ការ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​។

លោក​ បៀវ​ ថាន​ បន្ត​ថា​ ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មករា​ ឆ្នាំ​១៩៧៩​ ក្រោម​ការ​ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ បាន​ធ្វើឲ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ ក៍​ដូច​ជា​សាសនា​នា​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កសាង​ឡើង​វិញ​ ដោយ​ជំរុញ​ និង​លើក​កម្ពស់​ ព្រមទាំង​មាន​ការ​ចូលរួម​អភិវឌ្ឍ​ន៍​ឲ្យ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ដោយ​សារ​មាន​រដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ និង​បន្តមក​ដល់​ការ​ដឹកនាំ​ប្រកបដោយ​ថាមពល​ ស្វាហាប់​ ឈ្លាសវៃ​ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ដល់​នូវ​សិទ្ធិ​សេរីភាព​ពេញ​លេញ​ខាង​ជំនឿ​សាសនា​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ មាន​ការ​ត្រេក​អរ​ គាំទ្រ​ សាទរ​ និង​សប្បាយ​រីករាយ​ប្រកបដោយ​ជំនឿ​មុតមាំ​មក​លេី​រាជរដ្ឋាភិបាល​ និង​បាន​រួបរួម​គ្នា​កសាង​ឡើង​វិញ​ ដែល​នាំ​ឲ្យ​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ចូលរួម​បរិច្ចាគ​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​ ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ស្ថាបនា​ទី​អារាម​ ទី​សក្ការៈ​បូជា​ផ្សេងៗ​ ឲ្យ​មាន​ការ​រីក​លូតលាស់​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។
​ ជា​ចុងក្រោយ​ លោក​ បៀវ​ ថាន​ បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ ដល់​គណសង្ឃវត្ត​ អាចារ្យ​គណៈកម្មការ​ គ្រប់​វត្ត​ទាំង​អស់​ ចូរ​ធ្វើ​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​បន្ត​ថែរក្សា​ ឲ្យ​បាន​នូវ​ អភិក្រម​ ស៣​ របស់​ក្រសួង​ធម្មការ​ នឹង​សាសនា​ សម្រាប់​វត្ត​អារាម​ គឺ​វត្ត​ស្អាត​ វត្ត​ស្ងប់​ នឹង​វត្តស្វាង​ ដេីម្បី​ឲ្យ​សក្ដិសម​ជា​ប្រទេស​មាន​សក្ដានុពល​ទេសចរណ៍​ និង​សាសនា​៕

Leave a Reply

Your email address will not be published. Required fields are marked *