ខេត្តបន្ទាយមានជ័យ៖ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយឡែកសម្រាប់វេណទី៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានមូលមតិគ្នាជាឯកច្ឆានសម្រេចរៀបចំកាន់បិណ្ឌវេណទី៤ នៅវត្តពុទ្ធភូមិជាយដែន សីមារាម ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ពិធីនេះដឹកនាំដោយលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម , អគ្គលេខាធិការរង , ប្រធានសាខាខេត្តបន្ទាយមានជ័យ ,ប្រធានសាខាខេត្តកំពង់ធំ រួមនិងសមាជិកសមាជិកា ជាច្រើនរូបផងដែរ ។ក្នុងនោះក៏មានការចូលរួមជាបច្ច័យតាមសធាច្រាសថ្លា ដោយខ្លះបានអញ្ជើញចូលរួមផ្ទាល់និងខ្លះទៀតផ្ញើបច្ច័យយ៉ាងផុសផុល ។គោលបំណង ដែលយើងបានប្រារព្ធធ្វើបុណ្យកាន់បិណ្ឌ ក្នុងឱកាសនេះ ដើម្បីបង្សុកូល ឧទ្ទិសមហាកុសលថ្វាយប្រគេននោះជូនព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ មាតាបិតា បុព្វការីជនគ្រប់ជំនាន់ ជីដូនជីតា មាតិកាទាំងប្រាំពីរសន្ដាន។
សូមបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី១០ ខែកញ្ញា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃសមាគម បានអញ្ជើញចូលរួមពិធីសូត្រមន្ត និងរៀបចំបបរគ្រឿងសម្រាប់ទទួលភ្ញៀវជិតឆ្ងាយពិសាផងដែរ លុះព្រឹកឡើងត្រូវនឹងថ្ងៃទី១១ ខែកញ្ញា បានរាប់បាតព្រះសង្ឃចំនួន អង្គ និងប្រគេនបច្ច័យសរុប ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។
នាឱកាសនោះលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម បានសម្តែងការអគុណយ៉ាងជ្រាវជ្រៅចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកសមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ទូទាំរាជធានី ខេត្ត ដែលបានសហការគ្នាយ៉ាងស្អិតល្មួតរួមគ្នាធ្វើមនុស្សធម៌និងបុណ្យ ដើម្បីសន្សំកុសលផលបុណ្យ ក៏ជាកាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋជាមួយថ្នាក់មួយផ្នែកផងដែរ ៕