ខេត្តកំពង់ចាម៖បន្ទាប់ពីការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត កំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តថ្មី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ទាំង១០រូប និងលោកនាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំង នាយក នាយករងទីចាត់ការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បើយោងតាមសេចក្តីសម្រេច ស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម គណៈអភិបាលខេត្តកំពង់ចាម ត្រូវគ្រប់គ្រង និងដឹកនាំដោយអភិបាលខេត្ត ១រូប និងអភិបាលរង ចំនួន ១០រូប ជាជំនួយការ។
ដូច្នេះ អភិបាល និងអភិបាលរងខេត្ត ត្រូវរួមគ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុងក្របខ័ណ្ឌ នៃភូមិសាស្ត្រខេត្តកំពង់ចាម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានជាធរមាន និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ក្រៅពីកិច្ចការដែលបានបែងចែក អភិបាលខេត្ត អាចប្រគល់ភារកិច្ចបន្ថែមជូនអភិបាលរង ទៅតាមសំណូមពរការងារជាក់ស្តែងរបស់រដ្ឋបាលខេត្ត ។
ចំពោះរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត ត្រូវអនុវត្តឱ្យបានស្របទៅតាមសេចក្តីណែនាំ លេខ ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក៕