ខេត្តបន្ទាយមានជ័យ៖ នៅប្រាសាទបន្ទាយទ័ព សសរ១០០ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបួងសួងសែនទ័ព នៅប្រាសាទបន្ទាយទ័ព ដើម្បីឧទ្ទិសថ្វាយជូនថាមពលដល់ដួងវិញ្ញាណបុព្វបុរស ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា ពីពួកចោរសៀមឈ្លានពាន ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទ្រង់ជាប្រធានសមាគមនារីកម្ពុជា សន្តិភាពនិងអភិវឌ្ឍន។
នៅក្នុងកម្មវិធីបួងសួង សែនទ័ពនេះ ក៏បានរៀបចំធ្វើពិធីសែនព្រេនគ្រប់ទិសទាំងប្រាំបី ជុំវិញប្រាសាទបន្ទាយទ័ព ដើម្បីឧទ្ទិសថ្វាយជូនថាមពលដល់ដួងវិញ្ញាណបុព្វបុរស វីរៈបុរស វីរៈនារីគ្រប់ជំនាន់ ក្នុងកិច្ចការពារជាតិមាតុភូមិកម្ពុជា ដែលបានតស៊ូ ផ្តាច់លះបង់ពលីជីវិតដើម្បីការពារ និងថែរក្សាបូរណភាពទឹកដីឲ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
សូមដាស់ ដួងវិញ្ញាណបុព្វបុរស គ្រប់ជំនាន់មានមហិទ្ធិឫទ្ធិខ្លាំងពូកែស័ក្ដិសិទ្ធ យាងអញ្ជើញទៅដេញ បំបាក់ស្មារតីសត្រូវឈ្លានពាន សៀមរំលោភបំពានទឹកដីកម្ពុជាយើង ហ្នឹងសូមឲ្យដួងវិញ្ញាណតាមថែរក្សាជួយការពារកងទ័ពកម្ពុជា និងផ្តល់ថាមពលកម្លាំងកាយចិត្តអង់អាចក្លាហាន មោះមុតពុះពារគ្រប់ឧបសគ្គក្នុងការប្រយុទ្ធតទល់សត្រូវឈ្លានពានទឹកដីកម្ពុជា និង ជៀសផុត ពីអាវុធគ្រប់ប្រភេទ និងសូម ឲ្យទទួលបានជ័យជម្នះលើ សត្រូវចោរសៀមសាមាន ជានិច្ចនិរន្តតទៅ។
សូមបញ្ជាក់ផងដែរថា ក្រោយពីការចូលជាធរមាន បទឈប់បាញ់រវាងកងទ័ពកម្ពុជាយើង និងកងទ័ពសៀម កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្ន បានអនុវត្តតួនាទី ខ្លួនច្បាស់លាស់ពេញលេញរឹងមាំគោរពយ៉ាងម៉ឺងម៉ាត់ លើលក្ខខណ្ឌឈប់បាញ់ ទាំងនេះគឺជាការប្ដេជ្ញាចិត្ត សុចរិតច្បាស់លាស់ ហ្មត់ចត់មិនរួញរា មិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណា ដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើង ឲ្យបានឆាប់រហ័សបំផុតនិយាយជារួម កម្ពុជាចង់បានសន្តិភាព៕