អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ ព្រិន្ទបាលឯក ម៉េត ដានី ដែលកំពុងសម្រាកព្យាបាលជំងឺ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ម៉េត ដានី ដែលទើបត្រលប់ពីមន្ទីរពេទ្យ និងបានមកសម្រាកព្យាបាលនៅផ្ទះឈ្មោះ ញ៉ាំង សារី ត្រូវជាអ៊ុំ ស្ថិតនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ។ ក្នុងដំណើរចុះសួរសុខទុក្ខនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារមួយចំនួនទៀត។

សូមបញ្ជាក់ថា លោកព្រិន្ទបាលឯក ម៉េត ដានី មានអាយុ៣៤ ឆ្នាំ ជាវីរកងទ័ព បម្រើការនៅអង្គភាពវរសេនាតូចលេខ៤៤៦ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឈរជើងនៅទិស អានសេះ ដោយបានទទួលរងរបួស នៅក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសំណាក់កងទ័ពឈ្លានពានថៃ មកលើអធិបតេយ្យភាពកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច លោកតែងតែគិតគូរអំពីសុខទុក្ខ វីរកងទ័ពរបស់យើងដែលបានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យលោកព្រិន្ទបាលឯក ម៉េត ដានី ខិតខំថែទាំសុខភាពមឲ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជា ដើម្បីឲ្យឆាប់បានជាសះស្បើយ និងអាលឆាប់បានទៅបម្រើការងារជូនអង្គភាពវិញ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភ ជាគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន ២លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *