(បន្ទាយមានជ័យ) ដោយមានការចង្អុលបង្ហាញពីរឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានចាត់តាំងឲ្យឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង មានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាស្ពានបេតុង(ស្ពានព្រះពន្លា) និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានតភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ ការងារស្ថាបនាស្ពានបេតុង(ស្ពានព្រះពន្លា)នេះមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង២០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.២ម៉ែត្រ តភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាលទ្ធផលគិតមកដល់ថ្ងៃនេះអនុវត្តបាន៨១% ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។
ថ្លែងក្នុងឱកាសឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានមានប្រសាសន៍លើកឡើងថា៖ក្នុងអាណត្តិទី ៧នេះ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាលោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើសម្ដេច ក្នុងការអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺអនុវត្តន៍គោលការណ៍បញ្ចកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺអភិវឌ្ឍន៍ការងារជនបទ ពីផ្លូវដី ផ្លូវគ្រោះក្រហម ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានប្រើប្រាស់ នៅសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ការងារស្ថាបនាស្ពានបេតុង(ស្ពានព្រះពន្លា)នេះមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង២០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.២ម៉ែត្រ តភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណនាពេលនេះ។
ឯកឧត្តមប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ក៏ដូចជាអ្នកប្រើប្រាស់ស្ពាននេះ សូមជួយថែទាំស្ពាននេះឱ្យបានដិតដល់ដើម្បីធានាថាស្ពាននេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕