ខេត្តបន្ទាយមានជ័យ៖តៃកុងផាសអាប់ម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯស្ត្រីជាអ្នករួមដំណើរម្នាក់បានរងរបួស ត្រូវបានក្រុមសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តសេរីទំនើបមួយគ្រឿងបានបុកផាសអាប់ពេញទំហឹងកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ខាងមុខផ្លូវចូលបូរីThe Park City ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានផាស់អាប់មួយគ្រឿងម៉ាកប៉ាចាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 1T-5812 បើកបរដោយឈ្មោះ ម៉ី ម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ផាសអាប់ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានដឹកអ្នករួមដំណើរម្នាក់ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូងពោលគឺចេញពីក្នុងបុរី ពេលបើកបរដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវជាតិលេខ៥ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Ford Ranger XLT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-2332 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានបុកផាសអាប់ខាងលើ បណ្តាលឲ្យបុរសម្នាក់ជាតៃកុងផាសអាប់ បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ ចំណែកស្ត្រីម្នាក់ជាអ្នករួមដំណើរជាមួយបានរងរបួស ក្រោយពីកើតហេតុតៃកុងរថយន្តបង្កបានដាក់មេប្រូចបាត់ស្រមោល។តែទោះយ៉ាងនេះក្តីសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ដើម្បីឲ្យចូលខ្លួនមកទទួលខុសត្រូវផងដែរ។ក្រោយពីសមត្ថកិច្ចធ្វើការវាសវែងរួច មធ្យោបាយរថយន្ត និងផាសអាប់ ដែលខូចខាតធ្ងន់នោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយគ្នាតាមច្បាប់ជាក្រោយ។ចំណែកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕