បន្ទាយមានជ័យ ៖ បងប្អូនជនភៀសសឹក ដែលបានជម្លៀសពីសមរភូមិមុខ មកកាន់ទីតាំងសុវត្ថិភាពដែលរដ្ឋបាលខេត្ដបានរៀបចំនៅតាមក្រុង–ស្រុក ត្រូវបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
ជាក់ស្ដែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក បន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីផ្តល់ជូនបងប្អូនជនភៀសសឹក ចំនួន១២២គ្រួសារ ដែលមកតាំងទីលំនៅនៅទីសុវត្ថិភាព ក្នុងភូមិសាស្ដ្រស្រុកថ្មពួក ។
សូមបញ្ជាក់ថា ជនភៀសសឹក ទាំង១២២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ វីតាល់ ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ និងតង់ ចំនួន១មួយ៕