រដ្ឋបាលខេត្តប​ន្ទាយមានជ័យ សម្រេ​ចផ្អាកពិធីប្រណាំ​ងទូក ង ដោយ​សារបញ្ហាព្រំដែន និងរង​គ្រោះ​ដោយ​សា​រទឹកជំនន់

បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមា​នជ័យ សម្រេចផ្អាក រៀបចំពិ​ធីប្រណាំងទូក ង សម្រាប់ខេត្ត ដោយ​សារបញ្ហា​ព្រំដែន និងរងគ្រោះដោយសារទឹកជំនន់កើតមានឡើងនៅក្នុងឆ្នាំ២០២៦នេះ។
បើ​តាមការបញ្ជាក់ពីឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រ​ធានគ​ណៈបញ្ជា​ការឯក​ភាពរដ្ឋបាលខេត្ត បញ្ជាក់នៅក្នុង​កិច្ចប្រជុំគណៈ​បញ្ជាការឯកភា​ពរដ្ឋបាល​ខេត្ត នារសៀលថ្ងៃទី​១៤ ខែ ខែតុលា ឆ្នាំ ២០២​៦ នៅ​សាលប្រជុំ ក សាលា​ខេត្តបន្ទាយមានជ័​យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បា​នបញ្ជាក់ផងដែរថា បើទោះបីជាយើងពុំ​បានរៀបចំពិធី​ប្រណាំងទូក ង សម្រា​ប់ខេត្តក៏ដោ​យ តែពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតែប្រព្រឹត្ត​ទៅដូច​រាល់ឆ្នាំ ដែល​នឹងប្រព្រឹត្តទៅ​ នៅ​ដងស្ទឹង​សិរីសោភ័ណ ។
ក្នុង​នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់បណ្តាមន្ទីរ អង្គភាព ត្រូវធ្វើការរៀបចំតុ​បតែងប្រ​ទីបរប​ស់ខ្លួន ឱ្យបានរួចជាស្រេច ដើម្បីដា​ក់បណ្តែតទឹកដងស្ទឹងសិរីសោភ័ណ ចាប់ថ្ងៃទី២៣ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមបញ្ជាក់ផងដែរ​ថា ប្រមុខរាជរដ្ឋា​ភិបាល ក៏បានសម្រេចផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅឆ្នាំ២០២៦​នេះ។ មូលហេ​តុនៃការផ្អាក គឺ​ដោយសាររា​ជរដ្ឋាភិបាល ​បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថា​នការណ៍ចំពោះមុខ ​នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រ​ជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការ អាទិភាពចំពោះមុខមួយចំនួន។ សម្រាប់រដ្ឋបា​លខេត្តក៏បានស​ម្រេចផ្អាកការរៀបចំពិធីប្រណាំងទូក ង ដោយសារតែស្ថានភាពនៅក្នុងខេត្តបន្ទាយមានជ័យ រងការឈ្លានពានពីសំណាក់ប្រទេសជិតខាង និងរងគ្រោះដោយសារទឹកជំនន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *