ឯកឧត្តម អ៊ុំ រាត្រី ជម្រុញដល់ក្រុមការងារ អ.ន.ក ខេត្ត បន្តការគិតគូរ យកចិត្តទុកដាក់ និងពង្រឹងការឧបត្ថម្ភគាំទ្រដល់គ្រួសារសពអតីតយុទ្ធជន និងនិវត្តន៍ជន ឱ្យបានលឿន

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ (អ.ន.ក) បានដឹកនាំក្រុមការងារ ប្រជុំប្រចាំខែ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្ត ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានជម្រុញដល់ក្រុមការងារ សមាគម អតីត យុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្ត (អ.ន.ក) បន្តគិតគូរយកចិត្តទុកដាក់ និងពង្រឹងការឧបត្ថម្ភគាំទ្រដល់គ្រួសារសពអតីតយុទ្ធជន ដែលជាកិច្ចការរបស់យេីងទាំងអស់គ្នាក្នុងការដោះស្រាយឱ្យបានលឿន ដេីម្បីធានាថាគ្រួសារសពអតីតយុទ្ធជន និងនិវត្តន៍ជនទទួលបានប្រាក់ឧបត្ថម្ភធ្វើបុណ្យសព និងរបបផ្សេងៗតាមច្បាប់កំណត់បានទាន់ពេលវេលា និងគ្រប់ចំនួន និងបញ្ជាក់ពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជនដើម្បីជាតិមាតុភូមិ។
មួយវិញទៀតឯកឧត្តមក៏បានណែនាំបន្ថែមដល់ក្រុមការងារពិសេសក្រុមការងារអធិការកិច្ច រាល់ពាក្យស្នើសុំចូលជាសមាជិក ស្នេីរសុំដី និងផ្ទះ ត្រូវចុះពិនិត្យឱ្យដល់មូលដ្ឋាន ធ្វេីរបាយការណ៍មក អ.ន.ក ខេត្ត ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យវាយតម្លៃទៅលើការស្នើសុំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានដាក់ពាក្យស្នេីសុំឱ្យបានលឿន។ ជាពិសេសបន្តចុះសួរសុខទុក្ខបងប្អូនអតីយុទ្ធជន គ្រួសារសពអតីតយុទ្ធ និងនិវត្តន៍ជន ដែលជួបបញ្ហា ខ្វះខាត ដេីម្បីធ្វេីការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវពន្យាពេល ឡេីយ ត្រូវដោះស្រាយបន្ទាន់ទៅតាមលទ្ធភាពដែលក្រុមការងារនៅមូលដ្ឋានមាន។
សូមបញ្ជាក់ថា គិតចាប់ពីខែមករា រហូតមកដល់ថ្ងៃទី១ ៣ ខែតុលា នេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដោះស្រាយប្រាក់ឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជាសមាជិក សរុបចំនួន១៤៣សព ៕

Leave a Reply

Your email address will not be published. Required fields are marked *