បន្ទាយមានជ័យ៖ ក្រុមការងារចម្រុះជាតិ និងអន្តរជាតិ រួមមានតំណាងការិយាល័យ UNODC និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានចុះជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបន្ទាត់ព្រំដែន។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរង ព្រមទាំងមន្ត្រីជំនាញ អធិការក្រុង-ស្រុក និងមេបញ្ជាការនគរបាលការពារព្រំដែន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ តំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយលោក Polen Khem និងលោក PATRICK MICHAEL PICCIANO ពីភាគី UNODC។
ក្នុងបេសកកម្មនេះ គណៈប្រតិភូបានដាក់ចេញនូវគោលបំណងសំខាន់ៗចំនួនប្រាំ៖
១. វិភាគរចនាសម្ព័ន្ធស្ថាប័ន៖ ពិនិត្យតួនាទី និងភារកិច្ចសមត្ថកិច្ចពាក់ព័ន្ធ។
២. សិក្សាយន្តការអនុវត្តច្បាប់៖ តាមដានការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
៣. គ្រប់គ្រងព័ត៌មាន៖ សិក្សាការប្រមូល វិភាគ និងផ្លាស់ប្តូរព័ត៌មានបទល្មើស។
៤. ផ្លាស់ប្តូរបទពិសោធន៍៖ ចែករំលែកចំណេះដឹងរវាងអ្នកជំនាញជាតិ និងអន្តរជាតិ។
៥. ដោះស្រាយបញ្ហាប្រឈម៖ រកចំណុចខ្វះខាត និងសំណូមពរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
បេសកកម្មនេះត្រូវបានរំពឹងទុកថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អយុទ្ធសាស្ត្រឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបចំពោះបញ្ហាគ្រឿងញៀននៅតាមតំបន់ភូមិសាស្ត្រគោលដៅ ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ ដែលជាតំបន់ព្រំដែនមានសកម្មភាពឆ្លងដែន និងបទល្មើសស្មុគស្មាញ ៕

