បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែប្រវែង ៣.៨២គីឡូម៉ែត្រ នៃគម្រោង (SAAMBAT) គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយមានការចូលរួមពី ប្រតិភូអមដំណើរ លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោកមេឃុំ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករជាច្រើននាក់ ស្ថិតនៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ផ្លូវបេតុង និងកៅស៊ូ ប្រវែងសរុប ៣.៨២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិគោកព្នៅ ឃុំបន្ទាយនាង រហូតដល់ពោធិ២ដើម ឃុំរហាត់ទឹក ក្នុងនោះរួមមាន៖ ផ្លូវបេតុងអាមេប្រវែង ២.៥៤គីឡូម៉ែត្រ ផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១.២៨គីឡូម៉ែត្រ និងកន្លែងប្រមូលផ្តុំស្រូវ ចំនួន ១កន្លែង ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ក្រោមការគាំទ្រពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
ក្នុងឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសគម្រោង SAAMBAT ដែលបានខិតខំកៀរគរថវិកា និងជំរុញការកសាងសមិទ្ធផលរូបវន្តទាំងនេះឡើង។ សមិទ្ធផលទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងបង្កើនភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយចំណាយបានច្រើន។
ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។ ការកសាងផ្លូវ និងកន្លែងប្រមូលផ្តុំស្រូវនាពេលនេះ មិនត្រឹមតែជួយសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់សេដ្ឋកិច្ចពីវាលស្រែទៅកាន់ទីផ្សារ ដោយផ្ទាល់។ កន្លែងប្រមូលទិញស្រូវនេះ នឹងជួយឱ្យបងប្អូនកសិករមានកន្លែងប្រមូលផ្តុំកសិផលច្បាស់លាស់ បង្កើនអំណាចតស៊ូមតិលើតម្លៃ និងធានាបាននូវគុណភាពស្រូវសម្រាប់លក់ចេញ។
គួរបញ្ជាក់ថា អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំបន្ទាយនាង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុងមូលដ្ឋានរបស់ពួកគេ ដែលការអភិវឌ្ឍន៍នេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

