(បន្ទាយមានជ័យ) កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្ក្រាបករណីនាំទំនិញថៃចូលមកកម្ពុជាដោយខុសច្បាប់នៅត្រង់ចំណុច មាត់អូរព្រំដែនស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ២១:៥០ នាទីយប់ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២៦ ។
តាមការឲ្យដឹងពីសមត្ថកិច្ច ទំនិញទាំងនោះប្រភេទគ្រឿងសំអាង (Elracle) ចាប់បានចំនួន ០៧ កេសធំ ស្មើនឹង ៨៤ កេសតូច ស្មើនឹង ១,០០៨ ប្រអប់ សង្ស័យឈ្មួញលួចនាំយកឆ្លងដែនពីប្រទេសសៀម ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ។ក្រោយពីបង្ក្រាបបាន វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តតាមមតិវិធីច្បាប់ ។
គួររំលឹកផងដែរថា នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃនេះ កន្លងមកកម្លាំងសមត្ថកិច្ចចំរុះ តែងតែចុះបង្ក្រាបបានជាហូរហែនូវទំនិញនាំចូលនិងពិសេសពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទាំងចេញនិងចូល រហូតចាប់មេខ្យល់បានជាបន្តបន្ទាប់ផងដែរ៕

