អភិបាល ខេត្តបន្ទាយមានជ័យ ៖ “អក្ខរកម្ម” ជួយឱ្យកុមាររួចផុតពីភាពអវិជ្ជា ដែលជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់កុមារតូចៗ

បន្ទាយមានជ័យ ៖ ថ្លែងទៅកាន់សិស្សានុសិស្ស ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបនកទាយមានជ័យ បានមានប្រសាសន៍ ថា “អក្ខរកម្ម” ជួយឱ្យកុមាររួចផុតពីភាពអវិជ្ជា ជួយបង្កេីនសមត្ថភាពក្នុងការអាន ការសរសេរ និងការគិតលេខ ដែលជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់កុមារតូចៗ។

ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ត្រូវបានប្រារព្ធ ធ្វើឡើងនៅវិទ្យាល័យស្វាយចេក មានការចូលរួម មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អ្នកពាក់ព័ន្ធ អង្គការសង្គមស៊ីវិល វិស័យឯកជន លោកនាយក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ យុវនកាកបាទក្រហម សសយក សិស្សានុសិស្ស ចូលរួមយ៉ាងច្រេីនកុះករ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្ដម បន្តថា នៅក្នុងសង្គមបច្ចុប្បន្នការអប់រំ និងអក្ខរកម្មត្រូវបានប្រៀបប្រដូចទៅនឹងពន្លឺបំភ្លឺផ្លូវ ដែលអាចស្រោចស្រង់កុមារឱ្យចាកផុតពីអន្ធកាលនៃ “ភាពអវិជ្ជា”។ ហេីយភាពអវិជ្ជា គឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី ស្មារតីទទួលខុសត្រូវ និងអនាគតរបស់កុមារ។ ឯកឧត្ដម អភិបាលខេត្តបន្តថា នៅពេលដែលកុមារទទួលបានការអប់រំ និងមានអក្ខរកម្មរឹងមាំ ពួកគេទទួលបាននូវចំណេះដឹង និងជំនាញជីវិតសំខាន់ៗជាច្រើនដូចជា ៖ ការចេះអាន និងសរសេរ អនុញ្ញាតឱ្យកុមារអាចស្វែងយល់ពីសៀវភៅ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ដែលជាទុនក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត និងការគិតពិចារណាដោយហេតុផល។ ហេីយអក្ខរកម្ម គឺជាសំបុត្របើកផ្លូវឆ្ពោះទៅរកការសិក្សាថ្នាក់ខ្ពស់ និងការទទួលបានការងារល្អៗនាពេលអនាគត មានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ មានទំនុកចិត្តលើខ្លួនឯង និងចេះការពារខ្លួនពីការបោកប្រាស់ ឬការរំលោភបំពានផ្សេងៗ។

ក្នុងនោះឯកឧត្ដម ក៏បានអំពាវនាវដល់អណាព្យាបាល សហគមន៍ សាលារៀន ជម្រុញដល់កូនៗឱ្យចូលរៀនបានគ្រប់ៗគ្នា ដេីម្បីចូលរួមក្នុងការលើកកម្ពស់ការសិក្សារបស់កុមារ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីធានាថាកុមារគ្រប់រូបទទួលបានពន្លឺនៃអក្ខរកម្មស្មើៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *