បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អភិបាលរង ខេត្ត ព្រមទាំងក្រុមការងារសាខាសមាគមនារីខេត្ត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការសោកស្ដាយចំពោះបញ្ហាសុខភាពដែលបងប្អូនកំពុងប្រឈម និងបានផ្ដាំផ្ញើឱ្យអ្នកជំងឺទាំងអស់ ខិតខំថែរក្សាសុខភាព ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ឯកឧត្តមបានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក គឺជាបង្អែកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ក្នុងការទទួលបានការព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាព៕

