(បន្ទាយមានជ័យ) ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តផងដែរ ។
ថ្លែងក្នុងកម្មវិធីកិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ឧកញ៉ា អ៊ុង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ នេះជាលើកទី១ ដែលបានចូលរួមធ្វើកិច្ចការជាមួយវិស័យសាធារណៈ ហើយក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា លោក លោកស្រី នឹងសហការធ្វើកិច្ចការងារនេះ ដោយឈរលើទិសដៅតែមួយ ដើម្បីលើកកម្ពស់ និងជម្រុញការងារបច្ចេកទេសដល់សិក្ខាកាម ដែលមកទទួលចំណេះដឹងពីវិទ្យាស្ថានពហុ បច្ចេកទេសខេត្តបន្ទាយមានជ័យ អាចយកទៅប្រកបមុខរបរអាជីពតាមត្រូវការរបស់ពួកគាត់បាន…។
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានបញ្ជាក់ថា៖ ក្នុងនាមប្រធានក្រុមប្រឹក្សាផ្តល់យោបល់ បានជម្រុញ និងលើកកម្ពស់វិស័យការងារអាទិភាពផ្នែកបច្ចេកទេសគ្រប់ប្រភេទ ដើម្បីជាប្រយោជន៍ដល់សិក្ខាកាមដែលបានមកទទួលយកវគ្គបណ្តុះបណ្តាល នៃការងារបច្ចេកទេសនីមួយៗឲ្យមានប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួនទៅថ្ងៃមុខ។
ក្នុងនោះផងដែរ ឧកញ៉ាប្រធានក្រុមប្រឹក្សាផ្តល់យោបល់ បានសង្កត់ធ្ងន់ទៅលើកិច្ចការអភិវឌ្ឍ នៃវិទ្យាស្ថានពហុបច្ចេកទេសបន្ថែមទៀត ដែលជាតម្រូវការចាំបាច់សម្រាប់សិក្ខាកាម ដូច្នេះលោក លោកស្រី ចាំបាច់ត្រូវតែសហការគ្នាឆ្ពោះទៅរកគោលដៅសម្រេបានជោគជ័យ៕

