ខេត្តប៉ៃលិន​ ដាំដើម​ឈើ​ចម្រុះ ​ជាង ២​ពាន់ដើម​ ដើម្បីអ​បអរសាទ​ររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំ​ពាវនា​វឱ្យចូលរួម​ថែរក្សាធ​នធានព្រៃឈើ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោ​ក លោកស្រី អភិបា​លរងខេត្ត លោក លោកស្រី ប្រធាន​មន្ទីរអង្គភាព​ជុំវិញខេត្ត កងកម្លាំងទាំង​ ៣ប្រភេទ អភិ​បាល ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មេភូមិ យុវជ​ន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រ​ជាពល​រដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែសី​ហា ឆ្នាំ២០២៦ បានអញ្ជើញចូ​លរួមដាំដើមឈើច​ម្រុះ ចំនួន ២៥០០ដើម ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹង​ត្រង់ ស្រុកសា​លាក្រៅ ខេត្តប៉ៃ​លិន ដើម្បីអ​បអរសាទរ រុក្ខទិវា ​៩ កក្កដា លើកទី៣១។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ទិវាដាំដើមឈើ គឺជាប្រពៃណី ជាតិ និងជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹក​នាំរប​ស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំ​ណង​បំផុស ច​លនាដាំដើមឈើ និងថែរក្សាសម្បត្តិ ព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះ​គំនិត ស្រលា​ញ់ព្រៃឈើនិងបរិ​ស្ថានធម្មជាតិ ដូច្នេះក្នុងទិសដៅ បន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋា​ភិបាល​កម្ពុជាបានចាត់តាំងប្រារព្ធពិធីនេះឡើង ជារៀង​រាល់ឆ្នាំ នៅថ្ងៃទី៩ ខែកក្កដា ប៉ុន្តែពិធី​នេះ​បានអា​ក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព ការឆ្លងរី​ករាលជា​សាកល នៃជំងឺកូវីដ១៩។

លោកជំទា​វបណ្ឌិតអភិបាល​ខេត្ត បានមានប្រសាស​ន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋ​បាលខេត្តប៉ៃលិន បាន​កំ​ពុង​អនុវត្តន៍ យ៉ាងសកម្មនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រា​ជរដ្ឋាភិបា​លកម្ពុជា អា​ណត្តិទី៧ ដែ​ល​មាន​សម្តេចបវរធិបតី ហ៊ុន ម៉ា​ណែត ជានាយករដ្ឋមន្ត្រី ក្នុង​កិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូ ឡូស៊ី ដើម្បីលើ​កកម្ពស់កិ​ត្យានុព​លបៃតងជាតិ ឲ្យល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ី​ប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកា​រអភិ​វឌ្ឍបៃតង ឆ្នាំ២០១៣២០៣០។

នៅក្នុងឱកាស​នោះផងដែរ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំ​ពាវនាវដល់​អង្គ​កា​រជាតិ​អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ កង​កម្លាំ​ងទាំង​ ៣ប្រភេទ និងប្រជាពលរដ្ឋ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការចូលរួម​ថែរក្សាធន​ធានព្រៃឈើ និងដាំកូនឈើឱ្យបាន ជាអតិបរមា ព្រោះដើមឈើ ដែលដុះដាល រីកចម្រើន​ច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរ ឱ្យមាន គម្រប ព្រៃឈើការគ្រប់​គ្រងព្រៃ​ឈើ ទាំងព្រៃធម្មជា​តិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូល រួម ជាចាំ​បាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់​កិច្ចសហកា​រ ក្នុងការ អភិវឌ្ឍន៍វិស័យព្រៃឈើ។

បើតាមរបា​យការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា៖ ឆ្នាំ២០២៦នេះ ខណ្ឌដ្ឋបាលព្រៃឈើប៉ៃលិន បានកំណត់យកទីតាំងអមសងខាងផ្លូវ ស្ថិតក្នុងភូ​មិអន្លង់រក្សា ឃុំស្ទឹងត្រង់ ដើម្បីប្រារព្ធរុក្ខទិវា ៩ កក្កដា និងដាំដើមឈើចម្រុះ ចំនួន ២៥០០​ដើម មានដូចជា៖ កូនសាគូរ៉ា ចំនួន២០០ដើម កូនត្របែកព្រៃ ចំនួន ៥០០ដើម កូនបេង ចំនួន ៥០​០ដើម កូនច្រេស ចំនួន២០០ដើម កូនធ្នង់ ចំនួន ២០០ដើម កូនជើងគោ ចំនួន ៤០០ដើម កូនក្រញូង ចំនួន២០០ដើម និងកូនគគីរ ចំនួន ៣០០ដើម សម្រាប់ដាំក្នុងពិធី «រុក្ខទិវា» និងចែ​កជូនតាម​អង្គភាព​ស្ថាប័នជុំវិញខេត្ត សាលារៀន វត្តអារ៉ាម និងប្រជាពលរដ្ឋដាំតាមមូលដ្ឋានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *