(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើនៃអាងទន្លេមេគង្គ បានបណ្តាលឱ្យតំបន់រងទឹកភ្លៀងក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពនេះបានធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្លាំង បណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដោយសារទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលឱ្យច្រាំងទន្លេមេគង្គជាច្រើនកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរងការស្រុតបាក់ ដែលបានប៉ះពាល់ដល់លំនៅឋាន និងចម្ការដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ កម្ពស់ទឹកទន្លេមេគង្គបានស្រកចុះបន្តិច មកនៅត្រឹម ១៣,៩០ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ ទន្ទឹមនឹងនេះ ទឹកទន្លេបានហូរចូលព្រែកចំនួន៤០ ក្នុងចំណោមព្រែកសរុប៤១។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ព្រែក និងបឹងបួរ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយតាមដានស្ថានភាពទឹកជាប្រចាំ និងមើលថែសមាជិកគ្រួសារ ជាពិសេសកុមារតូចៗ កុំឱ្យលេងទឹក ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានហានិភ័យ។
ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ១២៩៤ ដើម្បីទទួលបានព័ត៌មាន ស្នើសុំអន្តរាគមន៍ ឬទាក់ទងអាជ្ញាធរដោយផ្ទាល់សម្រាប់ការជួយសង្គ្រោះ និងទៅកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចចំនួន ១៧៨កន្លែង នៅទូទាំងខេត្ត។
ជាមួយគ្នានោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានរៀបចំវិធានការ និងយុទ្ធសាស្ត្រផ្សេងៗប្រកបដោយប្រសិទ្ធភាព ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ស្ទឹង បឹង និងព្រែក និងកំពុងប្រឈមនឹងគ្រោះទឹកជំនន់។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួង ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ កម្ពស់ទឹកទន្លេមេគង្គនៅកម្ពុជាតែងតែឡើងខ្ពស់។ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ កម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាប មិនបណ្តាលឱ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាធ្ងន់ធ្ងរ។
ដោយឡែក នៅឆ្នាំ២០២៦នេះ លំហូរទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងខុសពីធម្មតា ដោយកម្ពស់ទឹកបានហក់ឡើងខ្ពស់នៅផ្នែកខាងលើ រហូតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន និងបណ្តាលឱ្យមានការជន់លិចនៅតំបន់មួយចំនួនតាមដងទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បានធ្វើឱ្យអាកាសធាតុមានការប្រែប្រួលខ្លាំង។ ជាក់ស្តែង គិតត្រឹមចុងខែសីហា ឆ្នាំ២០២៦នេះ មានព្យុះរហូតដល់២១កើតឡើងរួចហើយ ខណៈជាធម្មតា ចំនួននេះតែងកើតឡើងនៅក្នុងខែកញ្ញា ឬខែតុលា។
ម្យ៉ាងវិញទៀត សីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ខណៈតំបន់ខ្លះទៀតពុំសូវមានភ្លៀង ដែលបង្ហាញពីការបែងចែកទឹកភ្លៀងមិនស្មើគ្នា។ ភាគច្រើន ភ្លៀងធ្លាក់នៅតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈតំបន់ទំនាបកណ្តាលមិនសូវមានភ្លៀង ដែលអាចបណ្តាលឱ្យប្រឈមនឹងគ្រោះរាំងស្ងួត ទោះបីស្ថិតក្នុងរដូវវស្សាក៏ដោយ៕

