បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពនៃការខ្ចីគណនីធនាគារ ដើម្បីប្រើប្រាស់ តាមរយៈ សាច់ញាតិ ក្នុងន័យដើម្បីផ្ទេរលុយខ្មៅ ចូលគណនីធនាគាររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលាងលុយខ្មៅ បំភាន់ភ្នែកសមត្ថកិច្ច ប្រើប្រាស់ស្របច្បាប់ក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត មានប្រសាសន៍ អំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ដើម្បីចៀសវាងនូវការជាប់ពាក់ព័ន្ធនឹងករណីទាំងនេះអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋពីការប្រើប្រាស់គណនីធនាគារ ដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យរណីនេះកើតឡើង ។ ដោយឧក្រិដ្ឋជន បានប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈការអូសទាញសាច់ញាតិ ឬបងប្អូនដែលធ្លាប់ធ្វើការងារជាមួយ ដើម្បីខ្ចីគណនេយ្យធនាគារ ជាថ្នូរទៅនឹងការផ្តល់ថវិកាមួយចំនួន ប្រើប្រាស់គណនីធនាគារស្របច្បាប់របស់បងប្អូនក្នុងរយៈពដលខ្លី ដើម្បីផ្ទេរលុយខ្មៅដែលបានមកពីការប្រព្រឹត្តបទល្មើសឆបោក ចូលមកគណនីធនាគារស្របច្បាប់ ហើយប្រសិនបើសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវម្ដងហើយម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ជាដើម ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បើមានការសង្ស័យថា ទីតាំងណាមួយដែលបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រាយការណ៍មកសមត្ថកិច្ច ការដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា៕


