(បន្ទាយមានជ័យ) ជាការលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពដ៏អង្គអាចក្លាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ពីការឈ្លានពានរបស់ភាគីសៀម និងទទួលបានការណែនាំចង្អុលបង្ហាញពីឯកឧត្តម សុខ ចាន់ភក្តី ប្រធានសមាគម លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមនោះ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង លោក ឆុន វីរៈ ប្រធានសាខាខេត្តបន្ទាយមានជ័យ រួមនឹងព្រះសង្ឃ បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ យកទៅចែកជូនដល់វីរៈកងទ័ព ដែលកំពុងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ចំនួន៤ គោលដៅ ដោយគោលដៅទី១ នៅទំនប់ដាច់ ,គោលដៅទី២ នៅជនពិការភ្នំឆ័ត្រ ,គោលដៅទី៣ នៅបឹងត្រកួន និងគោលដៅទី៤ ច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ក្រៅពី៤ គោលដៅខាងលើនេះ ក៏បានចែកជូននៅតាមគោលដៅតូចៗជាច្រើនកន្លែងផងដែរ ។
នាឱកាសនោះដែរ លោក ហង្ស រ៉ាត់ អគ្គលេខាធិការរង និងលោក ឆុន វីរៈ ប្រធានសមាគម សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អំណោយដែលបានយកទៅចែកជូនដល់កងទ័ពនេះ គឺទទួលបានពីរព្រះមុនី សីលសោភ័ណ សយ ចាន់ថន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តខ្មែរពុទ្ធភូមិជ័យដែនសីមារាម បងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ដែលព្រះសង្ឃនិងរូបលោក រួមនិងក្រុមការងារ បានកៀងគរ យកមកទុកនៅទីស្នាក់ការដើម្បីចាត់ចែងយកទៅចែកជូនដល់កងទ័ពជូនមុខ ។នៅក្នុងការគៀងគងនោះឃើញថា បងប្អូនប្រជាពលរដ្ឋមានការផុសផុលជាខ្លាំង បានផ្ដល់ជូនទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈផ្សេងៗ តាមរយៈព្រះសង្ឃនិងសមាគមន៍សាខាខេត្តបន្ទាយមានជ័យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ទាំងនេះស បញ្ជាក់ឱ្យឃើញពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ សមរភូមិក្រោយជួយសមរភូមិមុខ។ក្នុងឱកាសនោះដែរ លោក ហង្ស រ៉ាត់ ក្នុងនាមអគ្គលេខាធិការរង និងលោក ឆុន វីរៈ ប្រធានសាខាខេត្ត និងអនុប្រធាន ,ប្រធាន ,អនុប្រធានផ្នែកព្រមទាំងសមាជិកសមាជិកា សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ដែលបានចូលរួមចំណែកយ៉ាងធំធេង ដើម្បីជាតិមាតុភូមិយើងទាំងអស់គ្នា។អំណោយដែលត្រូវចែកជូនរួមមាន កញ្ចប់ឃីត ,ភួយ,ខ្នើយ,មីជាតិ,ទឹកត្រី,ទឹកស៊ីអ៉ីវ,ប៊ីចេង,អំបិល,ស្ករ ,ខ្ទឹមស,ទឹមបារាំង,ផ្អក,សុតមាន់ ,ធូបម៉ូស,ដំឡូង,ថ្នាំពេទ្យ,ផ្លែឈើ,កង្ហារប្រើដោយសូឡា,សៀង,ក្រូចឆ្មារ,សាប៊ូបោកខោអាវ,សាប៊ូលាងចាន,ទឹកបរិសុទ្ធ និងទឹកភេជ្ជ:ផ្សេងៗ ផងែរ៕

