បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំង ជួយរុះរើ និងរៀបចំជួសជុសផ្ទះ ព្រមទាំងនាំយកអំណោយស័ង្កសី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៩ភូមិ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមាណជាង៤០០ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិដែលបណ្ដាលឱ្យផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ។
ជាមួយគ្នានោះឯកឧត្តម អភិបាល ខេត្តក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីមានមេឃរកកល់ចង់ភ្លៀង មានផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវទៅរកកន្លែងមានសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការ នគរបាលស្រុកថ្មពួក បានបញ្ជាក់ថា យោងតាមរបាយការណ៍បឋម កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំគោករមៀតសរុបចំនួន៩ភូមិ ១–ភូមិគោកព្រេច ចំនួន ១៧៣ខ្នង, ២–ភូមិតាឡី ចំនួន៧២ ខ្នង, ៣–ភូមិស្ពានចំនួន ៤៤ខ្នង, ភូមិគោករមៀត ចំនួន១១២ខ្នង, ៥–ភូមិសិរីការ ចំនួន១៥ខ្នង, ៦–ភូមិប្រាំមីនា ចំនួន៥ខ្នង, ៧–ភូមិថ្មី ចំនួន៣ខ្នង ,៨–ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវល្លិ៍ប្រេង ៤ខ្នង សរុបទាំង៩ភូមិចំនួន៤៤១ខ្នងផ្ទះ៕

