បន្ទាយមានជ័យ៖ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាតាមព្រំដែន។
ឯកឧត្ដម បញ្ជាក់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែប នៅជាមួយគ្នាជាយូរណាស់មកហើយ ហើយចិននឹងបន្តសហការក្នុងការចូលរួមគាំទ្រដោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា–ថៃ ដោយសន្តិវិធី។
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បង្ហាញនូវការជឿជាក់បែបនេះ ក្នុងឱកាសនាំយកអំណោយ មនុស្សធម៌ ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្នផ្ទះអតីតយុទ្ធជន នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៦។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ក៏បានធ្វើការជូនពរទៅដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា ពិសេសបងប្អូនជនភៀសសឹកក្នុងឱកាសឆ្នាំថ្មី សូមមានសុភមង្គល គ្រប់ក្រុមគ្រួសារ នឹងឆាប់បានវិ់ត្រលប់ទៅលំនៅឋានវិញ។ ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានផ្តល់អំណោយជូនដល់ជនភៀសសឹក តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ពិសេសនៅក្នុងនៅក្នុងខេត្តបន្ទាយមានជ័យ ដែរនេះគឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្ត ដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធ បន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋចំនួនជាង ២ពាន់ខ្នង ត្រូវបានយោធាថៃបំផ្លាញចោល៕

