ខេត្តបន្ទាយមានជ័យ យោងប្រកាសលេខ 143/19 របស់ក្រសួងធម្មការនិងសាសនា ស្ដីពីការជ្រើសរើស នឹងប្រព្រឹត្តទៅរបស់អាចារ្យគណៈកម្មការវត្ត ក្នុងគោលដៅពង្រឹង ការគោរពប្រតិបត្តិវិស័យព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវ សុក្រិតភា ស្របតាម ពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចារ ដោយផ្អែកលើព្រះធម៍វិន័យនិងច្បាប់រដ្ឋ។ និយាយជារួមនិងនិយាយដោយឡែក កាកាលពីចុងសប្តាហ៍នេះ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្តស្រុកក្រុងបានរៀបចំពិធីបោះឆ្នោតជ្រើសរើសអាចារ្យគណៈកម្មការវត្ត អជ្ចបាលនិគ្រោធ ដូនច្រែង ស្ថិតនៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះឧត្តមសីលញាណ ធុល សុធាព្រះមេគណខេត្ត ។
លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ និងលោក ខៀវ សុនិមលន៍ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមានប្រសាសន៍ថា ការរៀបចំការបោះឆ្នោត និងប្រកាសតែងតាំងអាចារ្យគណៈកម្មការវត្ត នៅក្នុងឱកាសនេះ គឺជាការប្រព្រឹត្តទៅជាធម្មតា ដើម្បីឲ្យស្របទៅនឹងច្បាប់របស់ក្រសួងធម្មការនិងសាសនា បានកំណត់យ៉ាងច្បាស់ថា តួនាទីភារកិច្ចរបស់អាចារ្យគណៈកម្មការ ទៅជាជំនួយការ ដល់គណ:សង្ឃវត្ត លើការងារផ្សេងៗ មិនមែនបានតួនាទីហើយ មកធ្វើការគ្រប់គ្រងលេីគណ:សង្ឃវត្តនោះឡើយ ហើយចំពោះអាចារ្យគណៈកម្មការវត្តមានអាណត្តិការងាររបស់ខ្លួន រយៈពេល៣ឆ្នាំ។
ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តមានសង្ឈដីកាថា គ្រប់ទីវត្តអារាម គឺត្រូវការសុខសន្តិភាពជាការចាំបាច់សាមគ្គីភាព គឺជាចលករនៃសន្តិភាពគឺថាសាមគ្គីភាពជាចលករដ៏សំខាន់នៃសន្តិសហវិជ្ជមាន រួមគ្នាទាំងអស់ជាឫសកែវជាគ្រឹះដ៏រឹងមាំ ជ្រោមជ្រែងនូវ ជន្ទល់នៃអហិង្សា ការមិនវិវាទសម្ព័ន្ធភាព ពិសេសទំនាក់ទំនងគ្នារវាងព្រះសង្ឃនិងអាជ្ញាធរ ប្រជាពុទ្ធបរិស័ទ ធ្វើយ៉ាងណាបញ្ចៀស នូវ អធិករណ៍ កេីតឡេីង ដូចមានពាក្យស្លោកមួយឃ្លាបានពោលថា “សង្ឃស្ស សាមគ្គីសមគ្គានំ តបោសុខោ”ការព្រមព្រៀងគ្នា ព្យាយាមឲ្យមានការស្រុះស្រួល ឯកភាពរបស់ ពួកក្រុម សង្គម អង្គភាព នាំមកនូវសេចក្ដីសុខ។ គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការបោះឆ្នោតគឺសមាសសភាពអាចារ្យមានចំនួន ៥រូប គណៈកម្មការមានចំនួន ៨រូប ហេីយបងប្អូនប្រជាពុទ្ធបរិស័ទ មកចូលរួមបោះឆ្នោតចំនួន ៨៥នាក់ ហេីយដំណេីរការបោះឆ្នោតប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព៕