រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែតនូវចំណុចសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែងរកបញ្ហានិងដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឱ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបម្រើសេវារបស់មន្ទីរពេទ្យឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀតផងដែរ៕