ខេត្តបន្ទាយមានជ័យ៖ ដោយសារកត្តាធ្វេសប្រហេសបើកបរខ្វះការប្រុងប្រយ័ត្ន ជាហេតុធ្វើឲ្យម៉ូតូពីគ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥ នៅលើផ្លូវលំត្រង់ចំណុចអាងទឹកចិន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្យម្នាក់បានបាត់បង់ជីវិត និង ២នាក់ទៀតរងរបួស ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AQ-3932 អ្នកបើកបរនឹងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលបើកបរដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1K-9062 បើកបរដោយឈ្មោះ ថៃ យ៉យ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បើកបរក្នុងទិសដៅពីត្បូងទៅជើង(ច្រាសទិសគ្នា) បានបត់ឆ្វេងក៏ត្រូវបានម៉ូតូខាងលើបុកបណ្តាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីម ឈ្មោះ ថៃ យ៉យ ស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូហុងដាឌ្រីមផ្លាកលេខ បាត់ដំបង 1AQ-3932 នឹងអ្នករួមដំណើរ ២នាក់រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះដឹងយកទៅមន្ទីរពេទ្យ។ក្រោយពីកើតហេតុមធ្យោបាយដែលបង្កគ្រោះថ្នាក់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ ។ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕