សាខា​ កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ចែក​អំណោយ​មនុស្សធម៌​ ជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់​កន្រ្តាក់​ ១៤គ្រួសារ​នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖គ្រួសារដែលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៤គ្រួសារ ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ត្រូវបានសាខាកាកបាទក្រហមខេត្ត នាំយកនូវអំណោយមនុស្សធម៌ ទៅចែកជូននាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ មុងមួយ​ ភួយមួយ​ ក្រមាមួយ​ និងថវិកាមួយចំនួន។

លោក​ បឹង​ គឹមសឹង​ អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្ត​ តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកា​ សាខាបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលជានិច្ចកាល​ សម្ដេច​តែងតែគិតគូរពីសុខទុក្ខពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច​ មិនថាជិតឬឆ្ងាយក្ដី ។

លោក​ បឹង​ គឹមសឹង​ បានមានប្រសាសន៍បន្តថា​ ទីណាមានបងប្អូនជួបការលំបាក​ ទីនោះមានកាកបាទក្រហមចុះជួយជានិច្ច​ ពិសេសបានផ្តល់នូវអំណោយមនុស្សធម៌ដើម្បី​ ជាការជួយសម្រាលទុក្ខលំបាកខាងជីវភាពបានមួយគ្រា។ ជាមួយគ្នានោះ​ កាកបាទក្រហមកម្ពុជា​ ត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្ត ការងារនានា​ ដែលត្រូវឆ្លើយតបជាចាំបាច់​ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុពិសេស​ សម្ពាធនៃការកើនឡើងនៃកម្ដៅ​ ខ្យល់​កន្ត្រាក់​ មានច្រើន​ ដែលបង្កឲ្យមានផលប៉ះពាល់ពីធម្មជាតិ​ ចំពោះបងប្អូនប្រជាពលរដ្ឋ។ ចុងក្រោយ​ លោកបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់​ បេីមេឃ​ផ្គរលាន់ចង់ភ្លៀងឬផ្គររន្ទះត្រូវរកទីទួលសុវត្ថិភាព​ នឹងសូមចូលរួមអនាម័យបរិស្ថាន​ ហូបស្អាត ផឹកស្អាត​ រស់នៅស្អា​តនិងមានសុខភាពល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *